(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភា និងលោកស្រី បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹង ចំនួន១០០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោក អ៊ូច សៅវឿន អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង បានជម្រាបជូនអំពីផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀងនៅស្រុកកណ្តាលស្ទឹងថាក្នុងនោះឃុំដែលរងផលប៉ះពាល់ចំនួន១៧លើ១៨ឃុំ ផ្ទៃដីប៉ះពាល់ស្រូវចំនួន២ ៣១១ហិចតា ផ្ទៃដីខូចខាតចំនួន១ ០៦៩ហិចតា ក្នុងនោះស្រូវកណ្តាលចំនួន៨៣៨ហិចតា និងស្រូវធ្ងន់ចំនួន២៣១ហិចតា ហើយឃុំដែលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ០៦ឃុំ មានប្រជាជនរងគ្រោះសរុប២ ២៨៩គ្រួសារ មានប្រជាពលរដ្ឋសរុប៨ ០៧៥នាក់ ប៉ះពាល់ផ្ទះ២ ១៧២ខ្នង បានជម្លៀង៨៣គ្រួសារ មានប្រជាពលរដ្ឋ២២៩នាក់ ប៉ះពាល់សាលារៀន០៨កន្លែង ទឹកជន់លិចផ្លូវជាតិលេខ២.៣ និង៣៤ ប្រវែង១៤២៩ម៉ែត្រ ប៉ះពាល់ផ្លូវលំ៣៤ ០៥៩ម៉ែត្រ ហើយឃុំដែលប៉ះពាល់ខ្លាំងរួមមាន៖ ឃុំជើងកើប ឃុំដើមឬស ឃុំកណ្តោក ឃុំប៉ារគូ ឃុំអន្លង់រមៀត និងឃុំព្រះពុទ្ធ។
លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើនូវការសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភ្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់អំពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងស្រុកកណ្តាលស្ទឹងផងដែរ។ ក្នុងនោះ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំអំណោយរបស់សម្តេចទាំងពីរចែកជូនដល់ប្រជាពលដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនាពេលនេះ។
លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានបញ្ជាក់ថា ក្នុងអំឡុងពេលដែលប្រទេសយើងជួបប្រទះនូវគ្រោះទឹកជំនន់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់អាជ្ញាធរទាំងគ្រប់លំដាប់ថ្នាក់ ឱ្យចុះជួយសង្គ្រោះប្រជាពលរដ្ឋដែ ល រងគ្រោះដោយទឹកជំនន់នៅទូទាំងប្រទេស និងខិតខំជួយដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរស្រុកកណ្តាលស្ទឹងគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះ ដែលនេះជាការបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំ និងទូលំទូលាយនៃជាតិយើង។
លោក ម៉ម ប៊ុននាង បានអំពាវនាវដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រកាន់ខ្ជាប់នូវការអនាម័យ ដើម្បីជៀសវាងកើតមានជំងឺផ្សេងៗ។ ទន្ទឹងនេះ ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋត្រូវចូលរួមបង្ការ ទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ និងខិតខំអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយឧស្សាហ៍លាងដៃជាមួយនឹងសាប៊ូ ជែល រឺអាល់កុល និងហូបស្អាត ផឹកទឹកស្អាត ដើម្បីទប់ស្កាត់ការឆ្លងមេរោគផ្សេងៗ នៅពេលដែលប្រជាពលរដ្ឋមានសុខភាពល្អនោះ នឹងអាចចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
បន្ទាប់មក លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ក៏បាននាំអំណោយរបស់សម្តេចទាំងពីរ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន១០០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គី ឡូក្រាម មី០១កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យូរ ទឹកស៊ីអ៊ីវ០១យួរ ទឹកបរិសុទ្ឋ០១កេស និងថវិកា៥ម៉ឺនរៀល ដោយចំណាយថវិកាសរុបចំនួន ២០០,៩៣០,០០០រៀល (ពីររយលាន ប្រាំបួនរយសាមសិបពាន់រៀល)៕