(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពាលី ជាកិច្ចចាប់ដំណើរការសាងសង់ស្ពានបេតុងពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា និងស្ពានបេតុងខ្សែកាបពីតំបន់កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ពិធីតាមបែបសាសនានេះ ធ្វើឡើងនារសៀលថ្ងៃទី២៤ ខែតុលា ដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ពុង ឃាវសែ។
ពិធីក្រុងពាលីនេះ ធ្វើឡើងក្នុងន័យសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រើននៅមុនពេលបើកការដ្ឋានសាងសង់ស្ពានបេតុងនេះជាផ្លូវការនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សមិទ្ធិផលថ្មីនេះនឹងលេចចេញជារូបរាង នាពេលឆាប់ៗខាងមុខ ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរកាត់បន្ថយការកកស្ទះចរាចរណ៍ដ៏មមាញឹក ក្នុងរាជធានីភ្នំពេញជាពិសេសបន្ថយបន្ទុកលំហូរចរាចរ នៅស្ពានព្រះមុនីវង្ស ច្បារអំពៅ ក៏ដូចមហាវិថីព្រះនរោត្តមផងដែរ។
ជាមួយគ្នានេះសំណង់ស្ពានឆ្លងទន្លេមួយនេះ ក៏សមស្របទៅនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ រួមទាំងកំណើនសេដ្ឋកិច្ច, កំណើនប្រជាពលរដ្ឋ ក៏ដូចកំណើនយានយន្តក្នុងទីក្រុងនាសម័យសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ក្រោមអនុសាសន៍របស់សម្តេចតេជោ និងការដឹកនាំអនុវត្តផ្ទាល់របស់លោក ឃួង ស្រេង ធ្វើឲ្យសមិទ្ធិផលជាច្រើននៅក្នុងទីក្រុងមាន ហេដ្ឋារចនាសម្ពន្ធ័, សំណង់សាធារណៈ, សំណង់ស្ពានអាកាសថ្មើរជើងជាច្រើនកន្លែងទៀត។ វិបត្តិជំងឺកូវីដ១៩ និងជំនន់ទឹកភ្លៀងដែលកំពុងយាយីភូមិសាស្ត្រ មួយចំនួនរបស់រាជធានីភ្នំពេញ មិនបានបន្ទុចបង្អាក់ដំណើរការសាងសង់ និងដំណើរការអភិវឌ្ឍន៍ទីក្រុងនោះឡើយ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ផ្តល់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដែលទទួលបានសិទ្ធិសាងសង់ស្ពាន បានឱ្យដឹងថា សម្រាប់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។
ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។
ស្ពានបេតុងខ្សែកាប្លិ៍ជាប្រវត្តិសាស្ត្រ ១ខ្សែនេះ នៅពេលសាងសង់រួច ត្រូវបានរំពឹងថា នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។
សូមបញ្ជាក់ថា នៅកោះនរា ស្ថិតក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នដែរ៕