(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា ក្រសួងអប់រំយុវជននិងកីឡា បានធ្វើវិមជ្ឈការ និងសហវិមជ្ឈការ តាមគោលនយោបាយ កែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋភិបាល គឺត្រូវផ្ទេរអំណាចគ្រប់គ្រងកម្រិតបឋមសិក្សាចុះឲ្យក្រុងស្រុកជាគ្រប់គ្រងនៅឆ្នាំ២០១៩ទូទាំងប្រទេស។ តាមគម្រោង នៅឆ្នាំ២០១៦ នេះ ក្រសួងអប់រំ នឹងផ្ទេរសាកល្បងឲ្យខេត្តបាត់ដំបងអនុវត្តមុនគេ ដើម្បីធ្វើជាគំរូប។
សម្តេចស ខេង បានថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តនៅសាលាខេត្តបាត់ដំបង និងក្រោយពីអំណានរបស់ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បង្ហាញរបាយការណ៍ស្តីពី លទ្ធផលការងារលើគ្រប់វិស័យទូទាំងខេត្តក្នុងឆ្នាំ២០១៥ និងលើកទិសដៅការងារបន្តឆ្នាំ២០១៦ ។ ពិធីនេះក៏មានការចូលរួមពីលោក ច័ន្ទ សុផល អភិបាលខេត្ត លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី ក្នុងខេត្តសរុបប្រមាណជាង៥០០នាក់។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា ក្រសួងអប់រំយុវជននិងកីឡា បានត្រៀមធ្វើវិមជ្ឈការនិងសហវិមជ្ឈការតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋភិបាល គឺត្រូវផ្ទេរអំណាចគ្រប់គ្រងកម្រិតបឋមសិក្សាចុះឲ្យក្រុងស្រុកជាគ្រប់គ្រងនៅឆ្នាំ២០១៩ទូទាំងប្រទេស ខណៈឆ្នាំ២០១៦ នេះផ្ទេរសាកល្បងឲ្យខេត្តបាត់ដំបងអនុវត្តមុនគេជាគំរូ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង ក៏បាន ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវចេះសហការគ្នា ពង្រឹងបន្ថែមទៀតនូវគោលនយោបាយភូមិ ឃុំមានសុវត្តិភាពនៅតាមមូលដ្ឋានទាំងអស់ និងរឹតបន្តឹង ដល់កងកម្លាំង ក្នុងការបង្ការ បង្រ្កាប រាល់បទល្មើសផ្សេងៗ ពិសេសគ្រឿងញៀននៅតាមមូលដ្ឋានបានគ្របដណ្តប់លើយុវជនភាគច្រើន ចោរលួច ចោរប្លន់ ដែលក្រុមជនល្មើសបានធ្វើសកម្មភាពកន្លងមក និងបន្ថែម កម្លាំងរក្សា ការពារសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋឲ្យបានសុខសាន្តផងដែរ៕