(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សរុបចំនួន ១៤លានរៀល ទៅប្រគល់ជូនដល់គ្រួសារសព ស្ត្រីដែលលង់ទឹកស្លាប់ដោយសារជំនន់ទឹកភ្លៀង ខណៈឆ្លងអូរព្រំដែនវិលត្រលប់ មកពីប្រទេសថៃ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ថវិកាបានប្រគល់នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោក ផាន់ ចាន់ធុល បានសម្តែងនូវការចូលរួមរំលែកទុក្ខ និងសោកស្តាយជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់សមាជិកគ្រួសារ ជាទីស្រលាញ់ដោយគ្រោះទឹកជំនន់កន្លងទៅនេះ។ ក្នុងនោះដើម្បីចូលរួមរំលែកទុក្ខ និងការលំបាកជូនគ្រួសារសព សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភក្នុងមួយសព ទទួលបានថវិកា ១៤លានរៀលផងដែរ។
គ្រួសារសាច់ញាតិជនរងគ្រោះ បានសម្តែងការដឹងគុណ និងអរុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់សន្តោសប្រណី អាណិតស្រឡាញ់ដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលមានទុក្ខលំបាក។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឈមនឹងស្រុកពោណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ពលករឆ្លងដែន មានគ្នា ០៣នាក់ ត្រូវជាម្តាយ ឪពុក កូននឹងគ្នា។ ពួកគេបានលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាវិញ តាមច្រកធម្មជាតិ អូរព្រំដែនកម្ពុជា-ថៃ ខណៈស្ថានភាពទឹកកំពុងឡើងខ្លាំង ដោយជំនន់ទឹកភ្លៀង។
ជនរងគ្រោះដែលបានស្លាប់ និងបាត់ខ្លួនមានឈ្មោះ សេង ស្រីម៉ៅ អាយុ ៤១ឆ្នាំ រស់នៅភូមិស្វាយមាស ឃុំកណ្តុរជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ចំណែកប្តី មានឈ្មោះ ឆោ ឆេង អាយុ ៤១ឆ្នាំ និងកូនស្រីមានឈ្មោះ ឆេង ដាណេត អាយុ ១៥ឆ្នាំ៕