(ភ្នំពេញ)៖ ដោយមានការចង្អុលណែនាំពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានរៀបចំបើកវគ្គបំប៉នជំនាញ ស្តីពីនីតិវិធី និងការប្រើប្រាស់ឧបករណ៍ ត្រួតពិនិត្យល្បឿន និងជាតិស្រវឹង ដល់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចំនួន៧៣នាក់។
ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានណែនាំដល់សិក្ខាកាម ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា និងត្រូវយកចំណេះដឹងទាំងអស់ ទៅបណ្តុះបណ្តាលបន្តដល់មន្រ្តីផ្សេងទៀត ក្នុងអង្គភាពរបស់ខ្លួន ក្នុងពេលចុះអនុវត្តច្បាប់ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ ម៉ឺងម៉ាត់ តែទន់ភ្លន់ និងធ្វើជាអ្នកផ្តល់សេវាជូន ប្រជាពលរដ្ឋឲ្យបានល្អ ក្នុងនោះផងដែរ។
សិក្ខាកាមទាំងអស់ ទទួលបានមួកសុវត្ថិភាពម្នាក់មួយ ជាអំណោយពីនាយកឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដើម្បីប្រើប្រាស់ពេលធ្វើដំណើរតាម៉ូតូ ធ្វើជាគំរូដល់ប្រជាពលរដ្ឋ និងណែនាំប្រជាពលរដ្ឋ ត្រូវពាក់មួកសុវត្ថិភាព ទាំងបើកបរ និងអ្នករួមដំណើរ ដើម្បីជៀសផុតពីការរងរបួស ក្បាលពេលមានគ្រោះថ្នាក់ចរាចរណ៍។
ក្នុងវគ្គសិក្សា សិក្ខាកាមត្រូវសិក្សាទាំងទ្រឹស្តី និងចុះអនុវត្តជាក់ស្តែងលើដងផ្លូវ ដើម្បីប្រើប្រាស់ឧបករណ៍ឲ្យកាន់តែស្ទាត់ជំនាញ។
ក្រោយបញ្ចប់វគ្គសិក្សា ក្រសួងមហាផ្ទៃបានផ្តល់ឧបករណ៍ ត្រួតពិនិត្យល្បឿន ដល់ស្នងការដ្ឋាននគរបាលរាជធានី ខេត្តទូទាំងប្រទេស សរុបមុនក្រោយ ចំនួនជិត ១០០គ្រឿង និងឧបករណ៍ត្រួតពិនិត្យជាតិស្រវឹង សរុបមុនក្រោយ ចំនួនជិត៣០០គ្រឿង ដែលជាគម្រោងប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ៕