(សៀមរាប)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិ និងជួបសាកសួរសុខទុក្ខសំណេះសំណាលជាមួយគ្រួសារប្រជាពលរដ្ឋ ២១៥នាក់ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នាពេលថ្មីៗនេះ។
វេទិកានេះធ្វើឡើងក្រោមអធិបតីភាពលោក ស្រី តឹករ៉េត កំរង រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង ក្នុងនាមតំណាងលោក ស៊ុ សំណាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង ដោយមានការចូលរួមពីអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាល-ស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ។
បន្ទាប់ពីលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ឡើងអានរបាយការណ៍រួចមក លោកស្រី តឹករ៉េត កំរង បានដឹកនាំអង្គវេទិកាដើម្បីស្តាប់ និងទទួលយកនូវសំណូមពរដែលលើកឡើងដោយពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ក្នុងនោះមានចំនួន ៦សំណូមពរ ត្រូវបានក្រុមការងារបំភ្លឺ និងដោះស្រាយជូន ពិសេសគឺការឆ្លើយតបចំពោះសំណើតបណ្តាញអគ្គិសនីចូលសាលារៀន ជួសជុលប្រព័ន្ធប្រឡាយទឹក ពន្លឿនសេវាផ្តល់ និងកែឯកសារអត្រានុកូលដ្ឋាន។
ដោយសារបច្ចុប្បន្នអាជ្ញាធរកំពុងតែរួមគ្នាបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងជំនន់ទឹកភ្លៀងនាពេលកន្លងមកផងនោះ ក្រុមការងារថ្នាក់ជាតិខាងលើក៏បានចែកជូននូវអំណោយដល់ពលរដ្ឋដែលបានចូលរួមនាពេលនោះ ដោយក្នុងមួយគ្រួសារទទួលបានក្រមា ១ មី ១កេស ត្រីខ ១យួរ ម៉ាស់ ២ សាប៊ូ ២ដុំតូច ទឹកត្រី ២ដប ទឹកស៊ីអ៉ីវ ២ដប និងថវិកាចំនួន ២ម៉ឺនរៀល។
ជាមួយគ្នានោះ លោកស្រីអនុប្រធានក៏បាននាំយកនូវទយ្យទានមួយចំនួន មានដូចជាអង្ករ ៥០គីឡូក្រាម មី ២កេស ទឹកបរិសុទ្ធ ២កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកា ១លានរៀល ប្រគេនថ្វាយព្រះសង្ឃគង់នៅវត្តត្រាចផងដែរ៕