(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ បានធូរស្រាលវិញហើយ។
លោក គន់ គីម បានឲ្យដឹងថា នៅក្នុងខេត្តបន្ទាយមានជ័យ គិតមកដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្រុករងគ្រោះទាំងប៉ុន្មានបានធូរស្រាលអស់ហើយ នៅសល់តែក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកមង្គលបូរី និងក្រុងសេរីសោភ័ណ។ ស្រុកទាំងប៉ុន្មាននេះ មិនទាន់ធូរស្រាលដោយសារ ទឹកដែលហូរមកហើយចាល់ និងហូរចេញទៅណាមិនកើត។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីរំដោះទឹកនេះមានកន្លែងខ្លះគេត្រូវបូមចេញ ដើម្បីកុំឲ្យទឹកកខ្វក់ នាំឲ្យបញ្ហាកើតជំងឺដល់ប្រជាជន។ លោកបន្តថា ប្រជាពលរដ្ឋរងគ្រោះ នៅខេត្តបន្ទាយមានជ័យជាង ៤ម៉ឺនគ្រួសារនោះ ត្រូវបានចែកអំណោយសង្គ្រោះបន្ទាន់ ៣ម៉ឺន ៦ពាន់គ្រួសារ គឺនៅសល់ប្រមាណ ៤ពាន់គ្រួសារទៀត នឹងត្រូវចែកជូនពួកគាត់ ក្នុងរយៈពេល ២ថ្ងៃខាងមុខនេះឲ្យរួចរាល់តែម្តង។
លោក គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះជាការងារចំពោះមុខលើការងារក្នុងទឹកដីខេត្តបន្ទាយមានជ័យ ដែលមានប្រជាជនជាង ៤ម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់ ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មកអន្តរាគមន៍ជាបន្ទាន់ នូវស្បៀងអាហារ និងសម្ភារបន្ទាន់ជាង ៤ម៉ឺនគ្រួសារនេះ។ យើងមិនព្រងើយកន្តើយទេ ប៉ុន្តែដោយសាររបស់របរដឹកឆ្ងាយ ពីទីក្រុងភ្នំពេញ ដូច្នេះទេឥឡូវនេះបានមកដល់អស់ហើយ ដូច្នេះថ្ងៃស្អែកខានស្អែកនេះ យើងនៅបន្តសកម្មភាពឲ្យបញ្ចប់ជាស្ថាពរ»។
បើតាមលោក គន់ គីម, មិនត្រឹមតែខេត្តបន្ទាយមានជ័យទេ សូម្បីតែរាជធានីភ្នំពេញ បណ្តាខេត្តរងគ្រោះទឹកជំនន់ផ្សេងទៀត ក៏បានធូរស្រាលហើយដែរ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ម្សិលមិញ ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ទៅលើ២០រាជធានីខេត្ត ស្មើនឹង ១១៧ក្រុង ស្រុក ខណ្ឌ។ ក្នុងនោះ ប៉ះពាល់ប្រជាពលរដ្ឋ ១៣៣,៧៩៤គ្រួសារ ស្មើនឹងប្រមាណ ៥៣៥,១៧៦នាក់៕