(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ ទទួលបាននូវការឧបត្ថម្ភអង្ករ ចំនួន៥០តោនពី លោកឧកញ៉ា ហាន់ ឃៀង នាយកប្រតិបត្តិ ក្រុមហ៊ុន Muhibbah Engineering (Cambodia) Co., Ltd. ដើម្បីចែកជូនបន្ដដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់។ នេះបើយោងតាមអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។

អង្ករទាំងនេះ សាលារាជធានីភ្នំពេញ នឹងយកទៅប្រើសម្រាប់ចែកជូនបន្ដដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត ពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន ខណ្ឌដង្កោ ដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមថ្លែងយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភ សម្រាប់ជួយសង្រ្គោះដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់។

សូមបញ្ជាក់ថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយសារទឹកភ្លៀងដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានបណ្តាលឲ្យមនុស្ស៣៩នាក់ហើយ បានស្លាប់បាត់បង់ជីវិត និងប៉ះពាល់ប្រជាពលរដ្ឋជាង៥៣ម៉ឺននាក់៕