(សៀមរាប)៖ ក្នុងឱកាសបំពេញការងារ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប លោកឧកញ៉ា សៀង ណាំ តំណាងរាស្រ្ត មណ្ឌលសៀមរាប បានអញ្ជើញត្រួតពិនិត្យការស្ថាបនាផ្លូវកៅស៊ូមួយខ្សែ ដែលផ្តល់ជូនប្រជាពលរដ្ឋ នៅស្រុកក្រឡាញ់ខេត្តសៀមរាប ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា។
ជំហានដំបូងផ្លូវនេះត្រូវកសាងបណ្តោយប្រវែង៦គីឡូម៉ែត្រកន្លះ និងទទឹង៨ម៉ែត្រ និង៦០សង់ទីម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ត្រង់ចំណុចរង្វង់មូលទីរួមស្រុកក្រឡាញ់ ឆ្ពោះទៅភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ដែលកំពុងស្ថាបនាដោយកងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន សៀមរាប ហើយបច្ចុប្បន្ន គឺកសាងបាន៧០%។
ជំហានទី២ និងបន្តកសាងរហូតប្រវែង១៦ គីឡូម៉ែត្រ។ ក្នុងឱកាសទៅត្រួតពិនិត្យការស្ថាបនាផ្លូវនេះ លោកឧកញ៉ា បានថ្លែងថា ការស្ថាបនាផ្លូវនេះឡើង គឺមានសារៈសំខាន់ណាស់ ឆ្លើយតបទៅនឹងតំរូវការ របស់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវនេះ ដែលកន្លងមកតែងតែជូបការលំបាក ក្នុងការធ្វើចររាចរ ហើយប្រជាជនចង់បានផ្លូវកៅស៊ូល្អ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងដឹកទំនិញផ្សេងៗ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
លោកឧកញ៉ាបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ណាស់ ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយសម្តេចបានកសាង និងជំរុញការស្តារ ស្ថាបនា និងអភិវឌ្ឍន៍ហេដ្ឋាចរនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ទីកន្លែងទូទាំងប្រទេស គឺដើម្បី ជំរុញការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ និងដើម្បីលើកកំពស់ ជីវភាព រស់នៅ របស់ប្រជាជន។
ផ្លូវនេះដែរគឺជាសមិទ្ធផលថ្មីមួយទៀតក្នុង ចំណោមសមិទ្ធផលជាច្រើន ដែលប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋក្នុង ស្រុកក្រឡាញ់ ខេត្តសៀមរាប៕