(បន្ទាយមានជ័យ)៖ ខេត្តបន្ទាយមានជ័យ ជាខេត្តមួយដែលរងនូវការវាយប្រហារខ្លាំងជាងគេ ដោយសារទឹកជំនន់ ហើយក៏រងនូវការខូចខ្លាំងដូចគ្នាផងដែរ ក្នុងចំណោមខេត្តផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ក្នុងបទសម្ភាសន៍ជាមួយបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញអំពីវិធានការចំពោះមុខ ដែលត្រូវដោះស្រាយ និងស្ដារឡើងវិញ នៅពេលទឹកជំនន់នេះស្រកអស់។
លោកអភិបាលខេត្តបញ្ជាក់ថា ក្នុងនាមគណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ខេត្ត ជំហ៊ានដំបូងក្រោយទឹកសម្រក ត្រូវគិតអំពីបញ្ហាសុខភាព អនាម័យរបស់ប្រជាពលរដ្ឋ។ ក្រៅពីនោះ គឺស្ដារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាតដោយទឹកជំនន់ ក៏ដូចជាផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។
លោក អ៊ុំ រាត្រី បានអះអាងថា ក្រុមការងារថ្នាក់ខេត្ត នឹងបន្ដដោះស្រាយបញ្ហាដែលនៅសេសសល់ ត្រូវទឹកជំនន់វាយប្រហារ។ ក្នុងនោះ ផលប៉ះពាល់ដល់វិស័យសកម្ម ក៏ជារឿងមួយដែលត្រូវយកចិត្តទុកដាក់ផងដែរ ពោលត្រូវស្រង់ទិន្នន័យឲ្យបានច្បាស់លាស់ ដើម្បីស្នើសុំពូជដំណាំ ទៅថ្នាក់ជាតិ ដើម្បីយកមកផ្ដល់ជូនប្រជាពលរដ្ឋ។
ក្នុងនាមប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបង្ហាញនូវមោទនភាព ដែលសម្ដេចតេជោ ហ៊ុន សែន បានចុះមកជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់ ព្រមទាំងផ្ដល់ជាកញ្ចប់ស្បៀងបន្ទាន់ជូនប្រជាពលរដ្ឋដែលរងគ្រោះផលប៉ះពាល់ដោយទឹកជំនន់ ហើយត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។
លោក អ៊ុំ រាត្រី តំណាងឲ្យប្រជាពលរដ្ឋសូមគោរពថ្លែងអំណរគុណ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះកាយវិការដ៏មហាមនុស្សធម៌ ហើយតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ លោកក៏បានអរគុណដល់ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដែលចុះជាប់ជាប្រចាំនៅកន្លែងដែលរងគ្រោះផងដែរ។
គួរជម្រាបថា ខេត្តបន្ទាយមានជ័យ ជាខេត្តទី២ បន្ទាប់ពីខេត្តបាត់ដំបង ក្នុងចំណោមរាជធានី-ខេត្តរងផលប៉ះពាល់ទាំង២០ និងមានប្រជាជនប្រមាណ ៤ម៉ឺនគ្រួសារ បានរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងមានប្រជាពលរដ្ឋប្រមាណ៥ពាន់គ្រួសារ ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ខណៈមានប្រជាជន២២នាក់ បានស្លាប់ដោយសារលង់ទឹក។ បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋប្រមាណ៣ម៉ឺនគ្រួសារ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានផ្តល់ឃីតចំនួន ៤ម៉ឺនឃីត បើគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០៕