(ភ្នំពេញ)៖ អភិបាលរងខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ នៅរសៀលថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងលេងល្បែងបៀរ អាប៉ោងដុះស្លែងមួយកន្លែង ស្ថិតនៅភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ដោយឃាត់ខ្លួនមនុស្ស៣នាក់។
លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់ថា «ដោយទទួលបានសេចក្តីរាយការណ៍របស់បងប្អូនប្រជាពលរដ្ឋថា មានវង់ល្បែងដ៏ដុះស្លែមួយកន្លែងនេះ បង្កការរំខានការរស់នៅរបស់ពួកគាត់ ហើយដែលដើមចមបង្កើតនូវបទល្មើសជាច្រើនក្នុងភូមិជាយូរមកហើយ ទើបលោកសុំគោលការណ៍ពី លោកអភិបាលខណ្ឌ ចុះបង្ក្រាបជាក់ស្តែងតែម្តង»។
ក្នុងប្រតិបត្តិការ បង្ក្រាបបនល្បែងដ៏ដុះស្លែមួយនេះ លោកអភិបាលរងខណ្ឌបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានរឹបអូសនូវគ្រាប់បាញ់អាប៉ោងចំនួន៤គ្រាប់ និងបៀរចំនួន៥ហ៊ូ ព្រមទាំងឃាត់ខ្លួនមនុស្សចំនួន៣នាក់ផងដែរ។ ក្រោយការបង្ក្រាប លោកអភិបាលរងខណ្ឌ បានបញ្ជាឲ្យនាំយកអ្នកលេងល្បែង២នាក់ និងវត្ថុតាងទៅរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕