(ភ្នំពេញ)៖ ស្រ្តីខ្មែរ ៣នាក់ ដែលគេប្រទះឃើញដើរវង្វេងនៅព្រលានយន្តហោះទីក្រុងក្វាងចូវ នាថ្មីៗនេះ ត្រូវបានគេសង្ស័យថាជាអ្នករងគ្រោះ ដោយការជួយដូរមនុស្សទៅប្រទេសចិន។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស។
ក្រសួងការបរទេស បានប្រកាសថា ស្ត្រីខ្មែរទាំង៣នាក់នោះ រួមមាន ១-ផន យ៉ាន្នី កើតឆ្នាំ ១៩៨៥ នៅខេត្តស្វាយរៀង, ២-ផន យ៉ារី កើតឆ្នាំ ១៩៨៧ នៅខេត្តស្វាយរៀង និង៣-ណុប ច័ន្ទត្រា កើតឆ្នាំ ១៩៩២ នៅខេត្តកំពង់ស្ពឺ ដែលត្រូវបានគេប្រទះឃើញ វង្វេងនៅព្រលានយន្តហោះ ទីក្រុងក្វាងចូវ អំឡុងពេលកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ហើយថាមានបុរសចិន៣នាក់ចាំទទួលពួកគេ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថា ដោយឃើញពីបញ្ហានេះ ឧបនាយលរដ្ឋមន្រ្តី ហោ ណាំហុង បានណែនំាអោយស្ថានអគ្គកុងស៊ុល ទំនាក់ទំនងជាមួយមេនគរបាលនៅទីក្រុងក្វាងចូវ។ ក្រោយពីបានជួបនាយកនគរបាលខេត្តក្វាងចូវ គេក៏បានសន្និដ្ឋានថាជាការជួញដូរនារីខ្មែរ ដែលមានករណីដូចគ្នានេះជាច្រើនមកហើយ។
ពេលនេះ អគ្គកុងស៊ុលខ្មែរប្រចាំនៅទីក្រុងក្វាងចូវ បានសម្រេចបញ្ចូននារីខ្មែរទាំង ៣នាក់នោះ ឱ្យត្រឡប់មកប្រទេសកម្ពុជា។ នារីខ្មែរទាំង ៣នាក់នេះ នឹងចេញដំណើរពីទីក្រុងក្វាងចូវ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ១១៖៣៥នាទី តាមជើងយន្តហោះ CZ-6059 ហើយមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ១៣៖៣០នាទី នេះបើតាមសេចក្តីប្រកាសដដែលនេះ៕