(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក លន់ លឹមថៃ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះសំណេះសំណាលជាមួយអ្នករត់ម៉ូតូឌុប ២៨៤នាក់ នៅក្នុងក្រុងកំពង់ចាម ក្នុងបំណងស្វែងយល់ពីទុក្ខលំបាករបស់ពួកគេ។ កិច្ចសំណេះសំណាលនេះ ត្រូវបានធ្វើឡើងយ៉ាងសាមញ្ញប្រៀបដូចបងដូចប្អូន នៅវាលស្មៅមុខសាលាខេត្តកំពង់ចាម។
ក្នុងកិច្ចសំណេះសំណាលនេះ ក៏មានការពិភាក្សាក្នុងការបង្កើតក្រុមបណ្តាញទំនាក់ទំនងសង្គម ដែលអាចផ្តល់សារប្រយោជន៍ដល់ការងារសន្តិសុខសង្គម និងការងារបរិស្ថាន តាមរយៈការជួយអប់រំណែនាំ ទប់ស្កាត់ និងផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ក្រោយពីការណែនាំ និងផ្សព្វផ្សាយអំពីការអភិវឌ្ឍន៍ថ្មីៗក្នុងប្រទេសទាំងមូល និងក្នុងខេត្តកំពង់ចាម និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព លោកអភិបាលខេត្ត បានស្ម័គ្រចិត្តធ្វើជាប្រធានក្រុមអ្នករត់ម៉ូតូឌុបក្រុងកំពង់ចាម។
មុននឹងចប់កម្មវិធី លោកអភិបាលខេត្តបានលើកឡើងថា កម្មវិធីនេះ គឺជាបទពិសោធន៍ថ្មីមួយទៀត សម្រាប់លោកអភិបាលក្រុង ស្រុកទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធី ដើម្បីយកទៅអនុវត្តនៅមូលដ្ឋាន៕