(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់ និងមានករណីជាសះស្បើយ ចំនួន០៣នាក់។
ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីនេះ គឺជាបុរសជនជាតិបារាំងអាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) បានមកដល់កម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២០។
លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទីពីរ នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺ សរុបមានចំនួន៨៥នាក់ (ស្រី ២៦ នាក់ កុមារ ០៣នាក់ និងទារក ០៣នាក់) ដែលក្នុងចំនួននេះ មានបុរសជាតិបារាំង អាយុ៣២ឆ្នាំខាងលើ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានប្រកាសពីករណីជាសះស្បើយចំនួន០៣នាក់ ក្នុងនោះរួមមាន៖
* បុរសជនជាតិឥណ្ឌូណេស៊ីអាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងក្រុងព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បានបន្តជើងហោះហើរ នៅប្រទេសសាំងហ្គាពួរ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវី-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
* បុរសជនជាតិខ្មែរអាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពី ប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវ បានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
* ស្ត្រីជនជាតិបារាំងអាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងក្រុងព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង ដោយបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០នាទី ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៨៧នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ២៨៣នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន០៤នាក់៕