(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះបន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងមួយម៉ឺនគ្រួសារទៀត នៅក្នុងស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សម្រាប់ការសួរសុខទុក្ខ និងចែកអំណោយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក៏ធ្វើឡើងនៅពីរទីតាំងដូចនឹងថ្ងៃទី២១ និង២២ ខែតុលា ផងដែរ។ ទីតាំងទី១ ធ្វើនៅស្រុកអូរជ្រៅចម្ងាយ ១៧គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ និងទីតាំងទី២ ធ្វើឡើងនៅស្រុកម៉ាឡៃ ចម្ងាយពីទីតាំងទី១ប្រមាណជា ៤០គីឡូម៉ែត្រ។
មុននឹងការរៀបចំពិធីសំណេះសំណាលមកដល់ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងយុវជន យុវតី ជាសិស្សានុសិស្សជាច្រើននាក់ បាននិងកំពុងសស្រាក់សស្រាំក្នុងការរៀបចំចាត់ចែងរោងកៅអី និងការលើកដាក់សម្ភារៈជាអំណោយ មានដូចជាអង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ទឹកបរិសុទ្ធ និងកន្ទេល ភួយ មុងជាដើមទៅតាមទីតាំងកៅអី។
លោក អែម សុខា អភិបាលស្រុកម៉ាឡៃ បានប្រាប់អង្គភាពព័ត៌មាន Fresh News ពេលកំពុងដឹកនាំចាត់ចែងរៀបចំរោង តុកៅអី និងស្បៀងអាហារជាអំណោយនោះថា ប្រជាពលរដ្ឋដែលមកជួបសំណេះសំណាល និងទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន នៅទីតាំងក្នុងស្រុកម៉ាឡៃជាទីតាំងទីពីរនេះ មានចំនួន ៥ពាន់គ្រួសារ។ ក្នុងនោះពលរដ្ឋ ៤,៥០០គ្រួសារ ជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងស្រុកម៉ាឡៃផ្ទាល់ និង៥០០គ្រួសារ ជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្នុងក្រុងប៉ោយប៉ែត៕
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយ ដែលបានរងគ្រោះធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង។ ប្រជាពលរដ្ឋសរុបជិត ៤ម៉ឺនគ្រួសារ បានទទួលរងគ្រោះ និងទទួលផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ហើយប្រជាពលរដ្ឋ ២២នាក់ បានស្លាប់បាត់បង់ជីវិតដោយសារការលង់ទឹក និងឆក់ចរន្តអគ្គិសនីជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលតែងតែតម្កល់សុខទុក្ខរបស់ប្រជាពលរដ្ឋជារឿងសំខាន់នោះ បានសម្រេចធ្វើដំណើរចម្ងាយជាង ៤០០គីឡូម៉ែត្រ ចុះមកកាន់ខេត្តបន្ទាយមានជ័យដោយផ្ទាល់ ដើម្បីបានសួរសុខទុក្ខ រំលែកការលំបាក និងផ្តល់ស្បៀងអាហារជូនដល់ពួកគេ។
សម្តេចតេជោ ហ៊ុន សែន បានជួបប្រជាពលរដ្ឋពីរថ្ងៃរួចមកហើយ គឺនៅថ្ងៃទី២១ និង២២ ខែតុលា។ រយៈពេលពីរថ្ងៃនេះ សម្តេចតេជោ បានចែកស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន ២ម៉ឺនគ្រួសារ នៅក្នុងស្រុកមង្គលបុរី ក្រុងសិរីសោភ័ណ ស្រុកថ្មពួក និងក្រុងប៉ោយប៉ែត។
នៅចំពោះមុខពលរដ្ឋរងគ្រោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាំងរូបសម្តេច ក៏ដូចជាមន្ត្រីគណបក្សប្រជាជនកម្ពុជាគឺជាអ្នកដែលតែងប្រកាន់ឥរិយាបថរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋរាល់ពេលមានការលំបាក ឬជួបគ្រោះអាសន្នផ្សេងៗ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេចមិនមែនជាមេដឹកនាំទម្លាប់រត់ចោល ប្រជាពលរដ្ឋនៅពេលមានទុក្ខនោះឡើយ៕