(ភ្នំពេញ)៖ នៅថ្ងៃទី ២២-២៣ ខែតុលា ឆ្នាំ២០២០នេះ អគ្គិសនីកម្ពុជា បានធ្វើតេស្ត និងដាក់ឲ្យដំណើរការអនុស្ថានីយអគ្គិសនីសំរោងធំ នៅក្នុងស្រុកកៀនស្វាយ តាមបណ្តោយផ្លូវជាតិលេខ១ ខាងត្បូងកំពង់ផែភ្នំពេញ។
លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ជាអគ្គនាយកអគ្គិសនីកម្ពុជា បានប្រាប់ Fresh News នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះថា អនុស្ថានីយអគ្គិសនីនេះ ជាប្រភេទ Compact ក្នុងកុងទីន័រដែលផលិតដោយក្រុមហ៊ុន Siemens របស់ប្រទេសអាល្លឺម៉ង់ ហើយបានភ្ជាប់ពីខ្សែបញ្ជូន១១៥ គីឡូវ៉ុល ភ្នំពេញ-បាវិត។
លោករដ្ឋមន្ត្រីប្រតិភូបន្តថា នេះជាលើកទីមួយដែលអគ្គិសនីកម្ពុជា នាំចូលឧបករណ៍ប្រភេទនេះ មកប្រើប្រាស់សាកល្បង នៅប្រទេសកម្ពុជា ដែលអាចដំឡើង និងរុះរើចល័តយកទៅប្រើនៅកន្លែងផ្សេងបានលឿន។ រាល់ការដំឡើង គឺបានពិនិត្យដោយហ្មត់ចត់ ពីអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន Siemens។
លោករដ្ឋមន្រ្តីបានបន្តទៀតថា ក្រៅពីបានបាននាំបច្ចេកវិទ្យាថ្មីចូលមកប្រើប្រាស់ គឺថែមទាំងបានជួយបណ្តុះបណ្តាល អ្នកជំនាញបច្ចេកទេសអគ្គិសនីកម្ពុជា ឲ្យយល់ដឹងបន្ថែមពីអនុស្ថានីយអគ្គិសនីប្រភេទថ្មីនេះទៀតផង។
លោកបញ្ជាក់ទៀតថា ទីតាំងនេះនឹងផ្តល់ការផ្គត់ផ្គង់នៅតំបន់ស្រុកកៀនស្វាយ ស្រុកលើកដែក និងភាគខាងជើងខេត្តព្រៃវែង ដែលជាតំបន់ច្រករបៀងសេដ្ឋកិច្ចតាមផ្លូវជាតិលេខ១ និងកំពង់ផែស្វយ័តភ្នំពេញ ដែលពេលកន្លងមកត្រូវបានផ្គត់ផ្គង់ពី ប្រភពឆ្ងាយដែលគុណភាព និងស្ថិរភាពនៅមានកំណត់។ ចាប់ពីពេលនេះតទៅ ការផ្គត់ផ្គង់អគ្គិសនីនៅតំបន់នេះ នឹងបង្កើនស្ថិរភាព និងគុណភាពល្អប្រសើរជាងមុន។
លោករដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់ថា ការដាក់ដំណើរការអនុស្ថានីយអគ្គិសនី ជាប្រភេទ Compact នេះសំដៅដល់ការពង្រឹងស្ថិរភាព ក្នុងបណ្តាញជាតិផង និងក៏សំដៅដល់ការពង្រីកនូវការចែកចាយអគ្គិសនីក្នុងតំបន់ទីតាំងអនុស្ថានីយផង រួមទាំងការត្រៀមលក្ខណៈ ដើម្បីបង្កើនថាមពលស្អាតបន្ថែម ឲ្យបានកាន់តែច្រើនក្នុងបណ្តាញជាតិ។
បច្ចុប្បន្នថាមពលស្អាត ដែលជាថាមពលកកើតឡើងវិញ រួមមាន វារីអគ្គិសនី ថាមពលបានពីពន្លឺព្រះអាទិត្យ ថាមពលបានពីជីវម៉ាស់ ធ្វើឲ្យកម្ពុជាមានប្រភពថាមពលស្អាត មានរហូតដល់៥៧% នៃការផលិតអគ្គិសនីសរុប ក្នុងបណ្តាញជាតិ ហើយអគ្គិសនីកម្ពុជា នឹងបន្តការដាក់បន្ថែមប្រភពថាមពលកកើតឡើងវិញនេះ ឲ្យកាន់តែច្រើនឡើងថែមទៀតនៅថ្ងៃអនាគតខាងមុខ។