(បាត់ដំបង)៖ ប្រជាពលរដ្ឋជាងមួយពាន់គ្រួសារ រស់នៅស្រុកកោះក្រឡ ខេត្តបាត់ដំបង បានទទួលអំណោយសប្បុរសធម៌ពីមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងសប្បុរសធម៌នានាទាំងក្នុង និងក្រៅប្រទេស ខណៈពួកគាត់កំពុងជួបការលំបាកដោយសាររងគ្រោះពីទឹកជំនន់នោះ។
អំណោយសប្បុរសធម៌ ដែលបានចែកនៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ មានគ្រឿងឧបភោគបរិភោក ហើយដឹកនាំចែកជូនដោយផ្ទាល់ពី លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់កណ្កាលចុះជួយស្រុកគាស់ក្រឡ និង លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ រាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ រួមទាំងក្រុមការងារចុះជួយស្រុកកោះក្រឡ ខេត្តបាត់ដំបងផងដែរ។
ថ្លែងនៅក្នុងកម្មវិធីចុះចែកអំណោយនោះ លោក ប៊ុន ហុន បានឲ្យដឹងថា អំណោយដែលបានចែកជូនដល់បងប្អូននាគ្រានេះគឺបានមកពីសប្បុរសជននានា មានដូចជាជនជាតិចិន ក្រុមការងារស្ម័គ្រចិត្តទឹកជំនន់ឆ្នាំ២០២០ ខ្មែរមានខ្មែរ និងក្រុមការងាររបស់មន្រ្តីរាជរដ្ឋាភិបាលចុះជួយស្រុកកោះក្រឡជាដើមនោះ។
លោកបានបន្តថា ការផ្តល់ជូនអំណោយទាំងនេះ គឺកើតឡើងដោយសារទឹកចិត្តអាណិតស្រលាញ់ ក្នុងនាមជាប្រជាជាតិខ្មែរមិនប្រកាន់ឋានៈ បក្ខពួក ឬនិន្នាការនយោបាយអ្វីទាំងអស់ ស្របទៅតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ។
អំណោយដែល មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រុមការងារចុះជួយស្រុកកោះក្រឡ បានផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នេះ រួមមានអង្ករ មី ទឹកត្រី ស្ករស ទឹកស៊ីអ៊ីវ អំបិល ទឹកដោះគោ ទឹកត្រី និងថវិកាមួយចំនួនទៀតផងដែរ៕