(សៀបរាម)៖ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាជាតិធរអប្សរា បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអភិរក្សនិងគ្រប់គ្រងបេតិកភណ្ឌ» ក្រោមវត្តមានលោកស្រី Barbara J.Anello-Armani ជាសាស្រ្តាចារ្យបង្រៀនភាសាអង់គ្លេសលើវិស័យការងារអភិរក្សនិងគ្រប់គ្រងបេតិកភណ្ឌ។
វគ្គបណ្តុះបណ្តាលនេះចាប់ពីថ្ងៃទី២២ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់សិក្ខាកាមមកពីមជ្ឈមណ្ឌលខេមរសិក្សា និងអាជ្ញាធរជាតិព្រះវិហារ សរុបចំនួន២៥រូប ដែលជាគ្រូបង្រៀនកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងអ្នកអប់រំបម្រើការងារនៅតាមសារមន្ទីរក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ។
លោកស្រី Barbara J.Anello-Armani បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះបានសហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ មជ្ឈមណ្ឌលខេមរសិក្សា និងអាជ្ញាធរជាតិព្រះវិហារ ដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងដល់លោកគ្រូ អ្នកគ្រូដែលជាទិស ដៅសំខាន់ក្នុងការផ្សព្វផ្សាយបន្តដល់សិស្សានុសិស្សឱ្យបានស្គាល់ ស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌទាំងអស់គ្នា។
មិនតែប៉ុណ្ណោះក៏ដើម្បីបង្កើនសមត្ថភាពផ្នែកភាសាអង់គ្លេសដល់មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរានិងអាជ្ញាធរជាតិព្រះវិហារ ឱ្យមានសមត្ថភាពទំនាក់ទំនងការងារជាមួយបុគ្គលិក ឬអ្នកជំនាញអន្តរជាតិក្នុងបេសកកម្មការងារអភិរក្ស អភិវឌ្ឍន៍ប្រាសាទ។
កញ្ញា ម៉ៅ សេងយាន គ្រូបង្គោលនៃវគ្គបណ្តុះ បណ្តាលបានឱ្យដឹងថា រយៈពេល២ខែកន្លះនៃវគ្គបណ្តុះបណ្តាលនេះ នឹងបង្រៀនសិក្ខាកាម អំពីតួនាទីនិងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរាទាក់ទងនឹងកិច្ចការអភិរក្សនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អង្គរ។
ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល កញ្ញា សេងយ៉ាន សង្ឃឹមថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីច្រើនពីកិច្ចការអភិរក្សបេតិកភណ្ឌ ដើម្បីយកទៅអនុវត្តការងារ ក៏ដូចជាបង្រៀនដល់អ្នកផ្សេងៗទៀតបានល្អប្រសើរ ក្នុងការបណ្តុះគំនិតឱ្យស្រឡាញ់សម្បត្តិវប្បធម៌ជាតិកាន់តែខ្លាំងថែមទៀត៕