(ស្ទឹងត្រែង)៖ ផ្លូវគ្រួសក្រហមចាប់ពីចំណុចដុងក្រឡ ចូលទៅស្រុកសៀមប៉ាង ប្រវែង៥០គីឡូម៉ែត្រ រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងបង្កឱ្យខូចប្រវែងជិត ៤គីឡូម៉ែត្រ ត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋ សហការគ្នាជួយជួសជុលគ្រាន់ដោះភាពលំបាក ក្នុងការធ្វើចរាចរណ៍បណ្តោះអាសន្ន។
លោក ផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាង បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងស្រុកសៀមប៉ាងទាំងមូល មានបញ្ហាប្រឈមខ្លាំង គឺផ្លូវធ្វើដំណើរមួយខ្សែនេះ។ ក្រសួងអភិវឌ្ឍជនបទទើបតែជួសជុលកាលពីដើមឆ្នាំ២០២០ ហើយនៅរដូវវស្សានេះ ជំនន់ទឹកភ្លៀងលិចហូរកាត់ បង្កការខូចខាតចំនួន ៤កន្លែង។
លោកបន្តថា បញ្ហានេះអាជ្ញាធរបានសហការគ្នាជាមួយប្រជាពលរដ្ឋ ជួសជុលប្រើបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយផ្លូវនេះបងប្អូនប្រជាពលរដ្ឋ ស្នើសុំទៅថ្នាក់ដឹកនាំខេត្តរួចហើយ គឺចង់បានផ្លូវកៅស៊ូ។
លោក ណយ ខុង មេឃុំព្រែកមាសបានទទួលស្គាល់ថា ផ្លូវនេះពិតជាមានភាពលំបាកមែនប្រជាពលរដ្ឋធ្វើដំណើរ ទាំងរថយន្តនឹងម៉ូតូដោយសារតែជំនន់ទឹកភ្លៀងលិចកាលពីថ្ងៃទី១០ ដល់១៥តុលាកន្លងមក។
លោកបន្តថា ផលលំបាកនេះថ្នាក់ដឹកនាំស្រុកបានដាក់សំណើរទៅខេត្តរួចហើយ ដើម្បីសុំធ្វើការជួសជួល សម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ផ្លូវចូលទៅកាន់ស្រុកសៀមប៉ាងពីចំណុចដុងក្រឡមានប្រវែងជាង៥០គីឡូម៉ែត្រ ត្រូវបងប្អូនប្រជាពលរដ្ឋសង្ឃឹមថា នៅឆ្នាំ២០២១ រាជរដ្ឋាភិបាលនឹងផ្តល់ជាផ្លូវកៅស៊ូជូន ដើម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក៕