(ភ្នំពេញ)៖ ទីបំផុតវិទ្យុអាស៊ីសេរី នៅតែបន្តសកម្មភាពគ្មានវិជ្ជាជីវៈរបស់ខ្លួនដោយបានបន្ត «កាត់ចោលសម្លេងសម្ភាសន៍» ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អស់ជាង៥នាទី ដែលរៀបរាប់អំពីសាងសង់អគារកងទ័ពនៅមូលដ្ឋានទ័ពរាម ខេត្តព្រះសីហនុ។ នេះបើយោងតាមសម្លេងសម្ភាសន៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពីមន្រ្តីជាន់ខ្ពស់បំផុតនៃរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
អ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០កន្លងទៅបានធ្វើកិច្ចសម្ភាសន៍ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ដែលមានចំនួនរហូតដល់ ៦នាទី ៤៥វិនាទី ប៉ុន្តែយកទៅផ្សព្វផ្សាយអាស៊ីសេរីបានដាក់សម្លេងផ្សាយតែ ១នាទី ៤៣វិនាទីប៉ុណ្ណោះ។
ការផ្សព្វផ្សាយកាត់ចោលសម្លេងបែបនេះ គឺទម្លាប់របស់អាស៊ីសេរីមានចេតនាយ៉ាងពិតប្រាកដក្នុងការផ្សព្វផ្សាយបំភ្លៃការពិតដល់មហាជន និងមានចេតនាញុះញង់ បង្កអសន្តិសុខដល់កម្ពុជា។ ទង្វើបែបនេះបានបង្ហាញយ៉ាងច្បាស់ថា វិទ្យុអាស៊ីសេរីដែលមានសហរដ្ឋអាមេរិកជាខ្នងបង្អែក មានបំណងផ្សព្វផ្សាយ ញុះញង់ អុចអាល មានចេតនាបង្កបញ្ហាមិនឈប់ មិនឈរដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋខ្មែរ។
មួយវិញទៀត កាលពីយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០កន្លងទៅ អាស៊ីសេរីក៏បានធ្វើទង្វើបែបនេះម្តងរួចហើយ ក្នុងកម្មវិធីផ្សាយព័ត៌មានប្រចាំថ្ងៃ វិទ្យុអាស៊ីសេរី បានធ្វើការផ្សាយនូវព័ត៌មានមួយពាក់ព័ន្ធ «ការវាយកម្ទេចអគារនៅទីបញ្ជាការដ្ឋានយុទ្ធសាស្រ្ត នៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ» ដោយកាត់ចោលសំឡេងកិច្ចសម្ភាសន៍ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ អស់ជាង១០នាទី យកត្រឹម៥០វិនាទីនៃកិច្ចសម្ភាសន៍ប៉ុណ្ណោះមកផ្សព្វផ្សាយ ខណៈដែលកិច្ចសម្ភាសន៍ទាំងស្រុងមានចំនួន១១នាទី និង៧វិនាទី។
ខាងក្រោមជាសំណួររបស់អ្នកយកព័ត៌មានអាស៊ីសេរី សួរទៅដល់សម្តេច ទៀ បាញ់ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០កន្លងទៅ៖
«ឯកឧត្តមជួយពន្យល់តិចមកទាន ! តើរដ្ឋាភិបាលចិនធានារ៉ាប់រងក្នុងការសាងសង់មូលដ្ឋានកងទ័ពជើងទឹកថ្មីនៅកោះព្រាប មែនដែរទេ? ចំណាយទឹកប្រាក់អស់ប៉ុន្មាន ហើយពេលវេលាសាងសង់ប៉ុន្មានឆ្នាំ? បើរដ្ឋាភិបាលវាយកំទេចអគារដែលជាជំនួយរបស់អាមេរិក ហើយអោយចិនជួយសាងសង់មូលដ្ឋានថ្មី តើនឹងមានផងប៉ៈពាល់ដល់ទំនាក់ទំនងរវាងអាមេរិក និងកម្ពុជាដែរ ឬទេ? សូមឯកឧត្តមមេត្តាជួយបញ្ជាក់ផងទាន! ជួយឆាតសារជាសំឡេងមកផងទាន! សូមឯកឧត្តមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ»។
សូមស្តាប់ប្រសាសន៍សម្ភាសន៍សម្ដេចពិជ័យសេនា ឆ្លើយតបនឹងសំណួរ៖