(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃសុក្រ ទី១២៣ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ជាប្រធានមុខព្រួញ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ក្រសួងធនធានទឹក បានឲ្យដឹងថា អាងទឹកត្រពាំងថ្ម មានលទ្ធភាពស្តុកទឹកជាអតិបរមាចំនួន ១៨០លានម៉ែត្រគូប តែនៅវេលាចាប់ពីម្សិលមិញ ដល់ពាក់កណ្តាលអធ្រាត្រម៉ោង ៣យប់មិញ ទឹកទាំងអស់ដែលសរុបប្រមូលស្រុងហូរចុះមកពីអូរកំបុត (ប្រទេសថៃ) និងមកពីប៉ែកខាងអាងទឹកស្ទឹងក្នុងខេត្តឧត្តរមានជ័យ ធ្វើឲ្យបរិមាណទឹកកើនឡើងរហូតដល់ ២២០លានម៉ែត្រគូប។
ក្រសួងបានបញ្ជាក់ថា «ទោះជាក្នុងស្ថានភាពយ៉ាងនេះក្តី អ្វីជាការព្រួយបារម្ភនោះគឺខ្យល់បក់ខ្លាំងបង្កជារលកវាយជើងទេរទំនប់ បង្ខំឲ្យមានការប្រុងប្រយ័ត្នដោយមានការសហការ ចូលរួមកម្លាំងពីអាជ្ញាធរថ្នាក់ស្រុក និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានយ៉ាងសស្រាក់សស្រាំ រួមទាំងគ្រឿងចក្រ រៀបបាវដីដើម្បីការពាររលកវាយជើងទេរទំនប់ ត្រង់ផ្នែកខ្លះនៃទំនប់ដែលមានប្រវែងសរុបជាង ២០គីឡូម៉ែត»។
សូមបញ្ជាក់ជូនថា រាល់ទ្វារទឹក និងច្រកចេញរបស់ប្រព័ន្ធអាងទឹកត្រពាំងថ្ម បានបើកចំហរអស់រយៈពេលជាង ១សប្តាហ៍មកហើយ តាមបទបញ្ជារបស់លោករដ្ឋមន្រ្តី។ ២ថ្ងៃមកហើយដែល នៅប៉ែកខាងលើមិនមានភ្លៀងធ្លាក់ កម្លាំងទឹកក៏ចុះខ្សោយបន្តិច ក្នុងរយៈដ៏ខ្លីនាពេលខាងមុខនឹងវិលមករកប្រក្រតីភាពឡើងវិញ៕