(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានដឹកនាំសមាជិក សមាជិកា បាននាំយកអង្ករសរុបជិត៥០០តោន គិតជាថវិកាជាង២៦ម៉ឺនដុលារ ជូនលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ឧបត្ថម្ភជួយដល់ជនរងគ្រោះដោយទឹកជំនន់ នៅតាមបណ្តាខណ្ឌនានា ក្នុងរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកឧកញ៉ា លី ហួរ បានលើកឡើងថា ការឧបត្ថម្ភអង្កររបស់សមាជិក-សមាជិកាទាំងអស់ សម្រាប់ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលនេះ គឺឈរលើស្មារតីសាមគ្គីជាតិជាធ្លុងមួយ ជាមួយរាជរដ្ឋាភិបាលដោយទឹកចិត្តសទ្ធាជ្រះថ្លា សប្បុរសធម៌ និងក្តីស្មោះសបំផុតក្នុងគ្រា ដែលមានតម្រូវការជួយគ្នា។
ជាមួយគ្នានោះ លោក ឃួង ស្រេង អភិបាលរាធានីភ្នំពេញ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោកឧកញ៉ា លោកជំទាវ ដែលជាអនុប្រធាន ថ្នាក់ដឹកនាំ សមាជិក-សមាជិកាសមាគមទាំងអស់ ដែលរួមគ្នាជាមួយទឹកចិត្តចូលរួមចែករំលែកធនធានខ្លះ ទោះបីតិចក្តី ឬច្រើនក្តី តាមវប្បធម៌ចែករំលែក ដើម្បីជួយសម្រួលនូវទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងកាលៈទេសៈដ៏លំបាក ដែលកំពុងរងគ្រោះដោយសារទឹកជំនន់នាពេលនេះ។
សូមរម្លឹកថា ក្នុងពេលដែលប្រទេសកម្ពុជាយើង ជួបប្រទះគ្រោះទឹកជំនន់ទឹកភ្លៀង ថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក៏បានចូលរួមវិភាគទានជាថវិកាជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្រាប់ប្រើប្រាស់ជួយដល់ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅទូទាំងប្រទេសផងដែរ៕