(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា សម្តេចមិនដែលនិយាយជាមួយចិន ឬប្រទេសណាមួយ ស្តីពីការប្រើប្រាស់កំពង់ផែ វាលយន្តហោះកម្ពុជា សម្រាប់យោធាបរទេសទេ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែរនោះ បានដកស្រង់ប្រសាសន៍សម្តេចយ៉ាងដូច្នថា៖ «ខ្ញុំមិនដែលនិយាយជាមួយចិន ឬ ជាមួយប្រទេសណាមួយ ស្តីពីបម្រើបម្រាស់កំពង់ផែ វាលយន្តហោះកម្ពុជា សម្រាប់យោធាបរទេសទេ ហើយរដ្ឋធម្មនុញ្ញក៏មិនអនុញ្ញាតឱ្យដែរ - សម្តេចតេជោ ហ៊ុនសែន ក្នុងសម័យប្រជុំគណរដ្ឋមន្ត្រី ថ្ងៃទី២៣ តុលា ២០២០»។
នេះមិនមែនជាលើកទី១ទេ ដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពីជំហររបស់កម្ពុជា ចំពោះការចោទប្រកាន់របស់បច្ចិមប្រទេស។
ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផងដែរទៀតថា កំពង់ផែរាមជាកំពង់ផែយោធាផ្តាច់មុខរបស់កម្ពុជា ដែលមិនមែនជាកំពង់ផែអន្តរជាតិសម្រាប់ដឹកទំនិញចេញចូលនោះទេ ហើយប្រសិនបើប្រទេសណាមួយចង់ចូលចត នៅកំពង់ផែយោធានេះ គឺត្រូវស្នើសុំការអនុញ្ញាតពីកម្ពុជាជាមុនសិន។
ពាក់ព័ន្ធនឹងកំពង់ផែរាមនេះ សម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងអាចឱ្យចូលនៃនាវាប្រទេសច្រើន កំពង់ផែអន្តរជាតិដូចកំពង់ផែដឹកទំនិញ យើងមានកំពង់ផែយោធាអាហ្នឹងកំពង់ផែចម្បាំង អញ្ចឹងត្រូវសុំការអនុញ្ញាត មិនមែនគ្រាន់តែចិនមួយមានសិទ្ធិប្រើប្រាស់នោះទេ ប្រទេសដទៃដែលសុំការអនុញ្ញាត មកចូលចត ចាក់ប្រេង ឬឡើងគោក ដើម្បីសមយុទ្ធជាមួយនឹងកម្ពុជា ឬធ្វើកិច្ចការអ្វីមួយជាមួយនឹងកម្ពុជា យើងស្វាគមន៍ៗ»។
ដោយឡែកក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារ បច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ កាលពីខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់រួចហើយថា កម្ពុជាជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព កម្ពុជាមិនចូលរួមជាមួយអ្នកនេះប្រឆាំងជាមួយអ្នកនោះ មិនអនុញ្ញាតឱ្យមានទីតាំងយោធាបរទេសនៅក្នុងទីតាំងទឹកដីរបស់ខ្លួន ហើយក៏មិនបោះទីតាំងយោធារបស់យើងលើទឹកដីបរទេស លើកលែងតែក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជូនសារ៣ចំណុចទៅដល់ដៃគូបរទេសទាំងអស់ថា៖
ទី១៖ បើអ្នកចង់ចូលរួមអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ កំពង់ផែយោធាសុំបរិច្ចាគចូលរួម។ យើងផ្តល់លទ្ធភាពឱ្យចូលរួម ទាំងទីកន្លែងគណៈកម្មាធិការលំហសមុទ្រ ដែលថាជួយហើយប៉ុន្តែយើងមិនយក ប៉ុន្តែត្រូវការដូរទីតាំង។ ឥឡូវរវាងទីតាំងចាស់ និងទីតាំងថ្មីវាអត់ខុសគ្នាទេ ព្រោះហ្នឹងជាផែនការមេ របស់យើង។
ទី២៖ យើងនឹងកសាងតំបន់ជួសជុល និងចត រាប់ទាំងនាវាបរទេសដែលខូចចូលមក យើងជួយជួស ជុលយើងអនុញ្ញាតឱ្យកន្លែងយើងជួសជុល មិនមែនបរទេសសំដៅទៅលើតែចិនមួយទេ។
ទី៣៖ ពីថ្ងៃនេះទៅមិនមែនចាំដល់អាហ្នឹងសាងសង់ហើយទេ ពីពេលហ្នឹងទៅអ្នកណាចង់មកក៏សូមអញ្ជើញមក ហើយសហការរួមគ្នាល្បាតសមុទ្រប្រឆាំងភេរវកម្ម ប្រឆាំងពួកជួញដូរមនុស្ស ប្រឆាំងពួក ជួញដូរគ្រឿងញៀន រត់ពន្ធខុសច្បាប់ និងធ្វើសមយុទ្ធជើងទឹកទៅ។ បើឡើងធ្វើសមយុទ្ធគ្រប់គ្រង គ្រោះមហន្តរាយ ទាំងក្នុងទឹកក៏អាចធ្វើសមយុទ្ធគ្រោះមហន្តរាយបានដែរ។ ខ្ញុំចង់បានតែពីរទេ សមយុទ្ធប្រឆាំងភេរវកម្ម និងសមយុទ្ធគ្រប់គ្រងគ្រោះមហន្តរាយ ខ្ញុំមិនចង់ធ្វើសមយុទ្ធក្នុងការធ្វើវាយកម្ទេចសត្រូវទេ។ អ៊ីចឹងប្រហែលជាច្បាស់លាស់ជាមួយគ្នាក្នុងការធ្វើសេចក្ដីថ្លែងការណ៍ចេញពីក្រុងព្រះសីហនុ។ យើងគួរយល់គ្នាហើយ តើចិនមានផលប្រយោជន៍អ្វីទៅដែលចិនត្រូវយកនាវាជើងទឹករបស់ខ្លួនមកដាក់នៅកំពង់សោម នៅពេលដែលនាវានៅសមុទ្រចិនខាងត្បូងស្រាប់ទៅហើយ។ តើចិនមានត្រូវការយកមកដាក់នៅក្នុងប្រទេសថៃ ឥឡូវចោទទាំងភូមាទៀត ថាកំពង់ផែភូមានឹងក្លាយទៅជា កំពង់ផែ ដែលចិនយកកងទ័ពទៅដាក់ទៀតហើយ។ ពីមុនថាតារាសាគរនឹងទៅជា កំពង់ផែលួចលាក់របស់ចិន ទាំងកំពង់ផែ និងព្រលានយន្តហោះផង ឥឡូវចូល មកដល់កំពង់សោម ប៉ុន្មានថ្ងៃមុនចូលដល់កោះរុងទៀតហើយ។ ព្រលានយន្តហោះកោះរុងនឹងប្រើប្រាស់ ដោយចិនទៀត។ ចុះហេតុអីបានអស់លោកចូលចិត្តលាបពណ៌។
មាត្រា៥៣នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិបានចែងថា «ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាងនិងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។ ព្រះរាជាណាចក្រកម្ពុជា មិនឈ្លានពានប្រទេសណាដាច់ខាតមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយដោះស្រាយ រាល់បញ្ហាដោយសន្តិវិធីនិងគោរពផលប្រយោជន៍ផងគ្នាទៅវិញមក។ ព្រះរាជាណាចក្រកម្ពុជាមិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ។ ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនហើយ ក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌ នៃសំណូមពររបស់អង្គការសហប្រជាជាតិ»៕