(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានថ្លែងប្រាប់អង្គភាព Fresh Newsថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ លោកបានចាត់តាំងលោកស្នងការរង ទទួលផែនព្រហ្មទណ្ឌ និងមន្ត្រីជំនាញចុះធ្វើការងារបន្ត នៅកាស៊ីណូហេងហេងអន្លង់ជ្រៃ ដែលមានលោកព្រះរាជអាជ្ញារងដឹកនាំនីតិវិធីផងដែរ ក្នុងការប្រតិបត្តិការនោះសមត្ថកិច្ច បានធ្វើកំណត់ហេតុចប់សព្វគ្រប់ ហើយចាក់សោរបិទទ្វារ មិនអនុញ្ញាតឲ្យបើកលេងល្បែងគ្រប់ប្រភេទ ចាប់ពីម៉ោងនេះតទៅ រហូតដល់មានបទដ្ឋានគតិយុត្តិ ណាមួយកំណត់ជាថ្មី។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៦ម្សិលមិញនេះ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចុះទៅបង្ក្រាបសង្វៀនជល់មាន់ ហេងហេងអន្លង់ជ្រៃ ក្រោយម្ចាស់សង្វៀននៅតែព្រហើន បើកលេងបន្តទៀត បើទោះបីសមត្ថកិច្ចបានកោះហៅឲ្យបញ្ឈប់ក៏ដោយនោះ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជាលទ្ធផលយើងបានឃាត់ខ្លួនមនុស្ស២១នាក់ ម៉ូតូ១៤គ្រឿង រថយន្ត១៦គ្រឿង និងមាន់ជាក់ស្តែង១៤មាន់ ហើយមាន់ដែលនៅក្នុង ទ្រុងមានជាង១០០ក្បាលឯណោះ ។
តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅកាស៊ីណូ ហេងហេង អន្លង់ជ្រៃ ដែលគេអះអាងថា មានច្បាប់នេះគឺមានបើកលេងបៀរ អាប៉ោង ហ្គេមបាញ់ត្រី ជាពិសេសជល់មាន់តែម្ដង។ ក្នុងនោះល្បែងបៀរ អាប៉ោង និងហ្គេមគឺជាល្បែង ដែលគេបើកលេងកំដរបន្ទាប់បន្សំប៉ុណ្ណោះ តែអ្វីដែលសំខាន់អាចធ្វើឲ្យកាស៊ីណូនេះ រកចំណូលបានច្រើននោះ គឺការបើកសង្វៀនជល់មាន់តែម្ដង ព្រោះនៅកាស៊ីណូនេះ មិនសូវមានជនជាតិវៀតណាម ចូលមកលេងឡើយ តែសម្បូរជនជាតិខ្មែរ ចូលទៅចាក់ភ្នាល់ជល់មាន់ ដោយអ្នកជល់មានខ្លះទៅតាំងពីភ្នំពេញ ពីខេត្តព្រៃវែង ស្វាយរៀង កំពង់ចាមក៏មានដែរ៕