(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានក្រើនរំឭក និងណែនាំដល់អង្គភាពនគរបាល ពន្លត់អគ្គិភ័យរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១២ ពីការត្រៀមរៀបចំ ពង្រាយរថយន្តពន្លត់អគ្គិភ័យ និងចុះអប់រំប្រជាពលរដ្ឋ ពីកត្តាហានិភ័យនៃភ្លើងធូប ទៀន ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំប្រពៃណីចិន និងវៀតណាមនេះ ។
លោក ឃួង ស្រេង បានធ្វើការណែនាំបែបនេះ ក្នុងកិច្ចប្រជុំពីការត្រៀម បង្ការ និងពន្លត់អគ្គិសនី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក នេត វន្ថា ប្រធាននាយកដ្ឋាន បង្ការ និងពន្លត់អគ្គីភ័យ នៃក្រសួងមហាផ្ទៃ មន្ត្រីរាជការពាក់ព័ន្ធក្រោមឱវាទ សាលារាជធានីភ្នំពេញ និងតំណាងអាជ្ញាធរទាំង១២ខណ្ឌ នៅថ្ងៃទី០៥ កុម្ភៈ២០១៦នេះ ។
លោក ឃួង ស្រេង បានណែនាំឲ្យអង្គភាពនគរបាល ពន្លត់អគ្គិភ័យរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១២ អនុវត្តសកម្មភាពត្រៀមបង្ការ ប្រកបដោយស្មារតីខ្ពស់ ដើម្បីបម្រើដល់ សុវត្ថិភាព និងជំនឿទុកចិត្ត ដល់ប្រជាពលរដ្ឋ ជាពិសេសត្រូវចុះអប់រំ និងផ្សព្វផ្សាយនៅតាមផ្សារ និងកន្លែងកម្សាន្ដសប្បាយ ពីការបង្ការអគ្គិភ័យ និងរក្សាសន្តិសុខ សុវត្ថិភាពត្រូវប្រុងប្រយ័ត្ន ក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន និងចរន្ដអគ្គិសនី ដែលអាចបង្កឲ្យមានអគ្គិភ័យកើតឡើង ជាយថាហេតុ។
បើតាមតំណាងអង្គភាព នគរបាលពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែកុម្ភៈ ខាងមុខនេះ អង្គភាពត្រៀមពង្រាយ រថយន្តចំនួន៤៨គ្រឿង ដោយពង្រាយ៨គោលដៅធំៗ នៅទូទាំងរាជធានី។ នៅតាមគោលដៅនីមួយៗ មានរថយន្ត២គ្រឿងនៅប្រចាំការ ហើយគោលដៅទាំងនោះមានដូចជា សាលាខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ នាយកដ្ឋានអង្គរក្ស និងអធិការដ្ឋានខណ្ឌទួលគោក។
ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំចិនខាងមុខដែរ សាលារាជធានីភ្នំពេញ ក៏បានចេញលិខិត ហាមមិនឲ្យសាធារណជនដុតផាវ និងកាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ។ ជាមួយគ្នានេះ ការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត និងហាមដាច់ខាត មិនឲ្យដុតនៅលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ ។
តាមរបាយការណ៍ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៤-២០១៥ នៅទូទាំងប្រទេស បានកើតគ្រោះអគ្គិភ័យចំនួន៥៩០លើក ក្នុងនោះបានបណ្តាលឲ្យ ស្លាប់មនុស្សចំនួន៣៧នាក់។ ដោយឡែក នៅទូទាំងរាជធានីភ្នំពេញ ក្នុងរយៈពេល១ខែ ដើមឆ្នាំ២០១៦នេះ មានអគ្គិភ័យ៩លើកបានកើតឡើង៕