(ភ្នំពេញ)៖ មូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្ដរជាតិ (KOFIH) ដែលស្ថិតនៅក្រោមឱវាទក្រសួងសុខាភិបាល និងសុខុមាលភាពនៃសាធារណៈរដ្ឋកូរ៉េខាងត្បូង បានបេ្ដជ្ញាបន្ដលើកស្ទួយ វិស័យសុខាភិបាលកម្ពុជា ។
លោក Kim Sang Gyeun តំណាងអង្គការ KOFIH ប្រចាំកម្ពុជា បានថ្លែងថា «KOFIH នឹងបន្ដលើកស្ទួយវិស័យសុខាភិបាលកម្ពុជា បន្ទាប់ពីបានសហការប្រតិបត្ដិការជាមួយគ្នា តាំងពីឆ្នាំ២០១១មក ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ជាពិសេសផ្នែក មាតាទារក និងកុមារ។ បច្ចុប្បន្ន ក៏នៅតែលើកពង្រឹងកិច្ចសហការគ្នាបន្ថែមទៀត ផ្នែក មាតា ទារក និងកុមារ ទៅលើខេត្តគោលដៅចំនួន៣ មានពោធិ៍សាត់ ប៉ៃលិន និងបាត់ដំបង»។
លើសពីនោះ លោកបន្ដថា KOFIH បានផ្តល់ជាសម្ភារ ក៏ដូចជាថវិការដល់មន្ទីរពេទ្យខេត្តទាំង៣ខាងលើ គិតជាទឹកប្រាក់ ១.៥លានដុល្លារ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១១ដល់សព្វថ្ងៃនេះ ។
ទន្ទឹមនឹងនេះ KOFIH បានផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាន ទាមទារចាំបាច់នូវការថែទាំសម្ភារ បរិក្ខារពេទ្យ ដូច្នេះហើយទើប KOFIH ធ្វើការគាំទ្រឱ្យមានវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាស្តីពី ការគ្រប់គ្រង និងការថែទាំសម្ភារដល់មន្ត្រីមន្ទីរពេទ្យ ក្នុងការថែទាំសម្ភារវេជ្ជសាស្រ្ត។ ជាក់ស្ដែងនៅពេលនេះ អង្គការបានបណ្ដុះបណ្ដាលជំនាញនេះ រយៈពេល២ថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០២០ ដល់គ្រូពេទ្យមកពីមន្ទីរពេទ្យផ្សេងៗ ដែលប្រព្រឹត្ដទៅនៅមជ្ឈមណ្ឌលគាំពារ មាតា កុមារ និងទារក។
សម្រាប់ផែនការអនាគត KOFIH នឹងសហការបន្ថែមជាមួយក្រសួងសុខាភិបាលកម្ពុជា ទៅលើជំងឺមិនឆ្លង ដែលជាគោលការណ៍ ធ្វើយ៉ាងណាឱ្យប្រព័ន្ធសុខាភិបាល កាន់នៅកម្ពុជាកាន់ល្អតែប្រសើរ ។ ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធានមន្ទីរពេទ្យជប៉ុន បានថ្លែងអំណរគុណចំពោះអង្គការ KOFIH ដែលតែងតែផ្តល់ការបណ្តុះបណ្តាលជំនាញផ្សេងៗ ក៏ដូចជាជំនាញថែទាំ សម្ភារបរិក្ខារវេជ្ជសាស្ត្រនាពេលនេះ ។
លោកស្រីវេជ្ជបណ្ឌិត ក៏បានលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យ បន្ដខិតខំសិក្សារៀនសូត្រ ដើម្បីពង្រឹងចំណេះជំនាញនេះ ជួយថែទាំសម្ភារប្រើប្រាស់នៅមន្ទីរពេទ្យ កាន់តែមានភាពល្អប្រសើរឡើង៕