(ស្ទឹងត្រែង)៖ អង្គការការីតាស់កម្ពុជា បាននាំអំណោយ និងសម្ភារមនុស្សធម៌ ព្រមទាំងសម្ភារចាំបាច់មួយចំនួនទៀត ប្រគល់ជូនរដ្ឋបាលខេត្តស្ទឹងត្រែង សម្រាប់អន្តរាគមន៍ចុះជួយដល់ ប្រជាពលរដ្ឋនៅពេលមានទឹកជំនន់កើតឡើង។
ពិធីប្រគល់ និងទទួលសម្ភារមនុស្សធម៌នេះបានធ្វើឡើងនាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅក្នុងបរិវេណសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង, លោក ប៉ុន ណារិទ្ធិ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោក គឹម រតនា នាយកអង្គការការីតាស់កម្ពុជា និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត។
លោក គឹម រតនា នាយកអង្គការការីតាសកម្ពុជា បានបញ្ជាក់ថា សម្ភារជំនួយមនុស្សធម៌សម្រាប់ចុះជួយអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានទឹកជំនន់ ឬគ្រោះធម្មជាតិផ្សេងៗ កើតឡើងក្នុងខេត្តស្ទឹងត្រែង ដែលបានផ្តល់ឱ្យរដ្ឋបាលខេត្តស្ទឹងត្រែង នាពេលនេះរួមមាន៖ ទូកសង្គ្រោះចំនួន ៤គ្រឿង, មុង២០០, ភួយ២០០ និងតង់ខៀវ ២០០។
ក្នុងឱកាសនោះដែរលោក ម៉ុម សារឿន បានថ្លែងអំណរអរគុណជ្រាលជ្រៅចំពោះលោក ប៉ុន ណារិទ្ធិ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងលោកនាយកអង្គការការីតាស់ ដែលគិតគូរយកចិត្តទុក ចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះដោយតែទឹកជំនន់ និងបានផ្តល់ជាសម្ភារប្រើប្រាស់ និងមធ្យោបាយសម្រាប់ធ្វើការជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព ព្រមទាងបានផ្តល់ជូននូវសម្ភារប្រើប្រាស់ចាំបាច់ ក្នុងការចុះជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងមូល។
លោកបានបន្ថែមថា ការចូលរួមផ្តល់ជាសម្ភារៈជំនួយមនុស្សធម៌នេះ សរបញ្ជាក់ឱ្យពីការសហការគ្នាយ៉ាងល្អរវាងមន្ត្រីរាជការ និងអង្កការសង្គមស៊ីវិល ក្នុងការគិតគូរដល់ប្រជាពលរដ្ឋ ក្នុងពេលដែលពួកគាត់កំពុងទទួលរងនៅគ្រោះធម្មជាតិ ឬទឹកជំនន់ជាដើម។
លោក ម៉ុម សារឿន បានបញ្ជាក់ថា សម្រាប់ខេត្តស្ទឹងត្រែង នៅក្នុងឆ្នាំ២០២០នេះ ក៏បានទទួលរងគ្រោះធម្មជាតិ នូវជំនន់ទឹកភ្លៀង ដែលបានបង្កឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួនពីរស្រុក គឺស្រុកថាឡាបរីវ៉ាត់ និងស្រុកសៀមប៉ាង ក្នុងនោះស្រុកថាឡាបរិវ៉ាត់ បានប៉ះពាល់ចំនួន ១៣ភូមិ និងឃុំចំនួន០៥ គឺឃុំស្រែឬស្សី, ឃុំអន្លង់ជ្រៃ, ឃុំចំការលើ, ឃុំអន្លង់ភេ និងឃុំកាំងចាម ចំពោះស្រុកសៀមប៉ាង មានភូមិចំនួន២ ក៏ទទួលរងជនលិចដោយទឹកភ្លៀង ដែលស្ថិតក្នុងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ជំនន់ទឹកភ្លៀងដែរ ក៏បានប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋដំណាំស្រូវស្រែ ត្រូវបានជន់លិច និងរងផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ សាលារៀន វត្តអារ៉ាម ជាច្រើនកន្លែងផងដែរ៕