(បាត់ដំបង)៖ ក្នុងកាល:ទេស:ដែលប្រជាពលរដ្ឋកំពុងទទួលរងដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង លោក ឈាង វុន តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា អមដំណើរដោយ លោក ជា ភួងភិរម្យ អនុរដ្ឋលេខាធិការក្រួសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយស្រុកភ្នំព្រឹក លោកស្រី ញឹក សុគន្ធ សមាជិកក្រុមប្រឹក្សាខេត្ត លោក សុង សុភ័ក្រ្ត អភិបាលនៃគណ:អភិបាលស្រុកភ្នំព្រឹក លោក គង់ បៃ ប្រធានក្រុមប្រឹក្សាស្រុក និងយុវជន ស.ស.យ.ក ស្រុកភ្នំព្រឹក និងក្រុមសិស្សនិស្សិតបញ្ញាវន្តក្មេងវត្ត បានបន្តផ្តល់អំណោយរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវស្សា សៅ ទីហេង សំរិន ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះបង្កដោយជំនន់ទឹកភ្លៀងចំនួន១២០គ្រួសារ នៅក្នុងឃុំអូររំដួល និងឃុំពេជ្រចិន្តា ក្នុងបរិវេណវត្តគីរីសង្វាពេជ្រ ស្ថិតនៅភូមិភ្នំតូច ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
ក្នុងឱកាសជួបជាមួយបងប្អូនប្រជាពលរដ្ឋ លោក ឈាង វុន បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើរការសាកសួរសុខទុក្ខ និងចែករំលែកទុក្ខលំបាកដែលប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទឹកភ្លៀងពីសំណាក់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាល:ទេស:។
លោក បានសម្តែងការសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់អាយុជីវិត ខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ជាពិសេសឯកឧត្តមបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបាត់បង់អាយុជីវិតដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។
លោក ឈាង វុន ក៏បានអរគុណ និងកោតសរសើរដល់លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក ដែលបានខិតខំយកចិត្តទុកដាក់ សហការជាមួយកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។
ក្នុងនាមរដ្ឋសភា លោក ឈាង វុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភដល់រាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើង ដែលកំពុងរងគ្រោះដោយទឹកជំនន់។
លោក បានលើកឡើងថា «កាយវិការដ៏ប្រពៃទំាងនោះបានបង្ហាញពីវប្បធម៌ចែករំលែក សាមគ្គីភាព និងការរួបរួមគ្នារបស់ប្រជាពលរដ្ឋកម្ពុជាយើង ដែលជានិច្ចកាលតែងតែជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលយើងជួបគ្រោះអាសន្ន ដូចជាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាដើម»។
ជាមួយនេះលោក ឈាង វុន បានផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋសូមគិតគូរពីសុវត្ថិភាព និងបង្កេីនការប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់ដែលបង្កឡេីងដោយជំនន់ទឹកភ្លៀង ជាពិសេសកុមារ តូចៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ និងគិតគូរថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត និងបរិភោគទឹកដាំឆ្អិនឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ និងត្រូវបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី ពិសេសប្រុងប្រយ័ត្ន និងការពារកុំឱ្យកេីតមានជំងឺគ្រុនឈាម និងគ្រុនឈីក។
អំណោយដែលចែកជូនគ្រួសាររងគ្រោះនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធ១យួរ ចូលបុណ្យកឋិនវត្តពេជ្រចិន្តាចំនួន១០០ដុល្លារ និងជូនថវិកា១០០ដុល្លាដល់សាលាស្រុកភ្នំព្រឹកផងដែរ៕