(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំក្រុមការងារយ៉េនឌ័រនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយអាជ្ញាធរដែនដីស្រុក-ឃុំ-ភូមិ ទៅប្រគល់ផ្ទះថ្មី ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានសមាគមអតីត យុទ្ធជនកម្ពុជា តាមរយៈលោកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនកំពតផត ជូនអតីតយុទ្ធជនពិការ នៅភូមិបឹងអណ្តែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២២ ខែតុលា ម្សិលមិញ។
អតីតយុទ្ធជនដែលបានទទួលផ្ទះថ្មីនេះមានឈ្មោះ ឈួន ម៉ន អាយុ៦៣ឆ្នាំ បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៣ នៅអង្គភាពកងពលលេខ៥ចាស់ បានត្រូវរបួសពិការថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៩៨ នៅសមរភូមិអន្លង់វែងដោយសារអំបែងគ្រាប់គ្រាប់បេ៤០ និងមានភរិយាឈ្មោះ ឈន គឹមហេ អាយុ ៥៤ឆ្នាំ មានកូនចំនួន ០៤នាក់ បច្ចុប្បន្នប្រកបមុខរបរធ្វើស្រែ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំង ទ្វេរតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង និងបានលើកឡើងថាទាំងនេះជាការដឹងគុណដ៏ធំធេងដល់អតីតយុទ្ធជនក្នុងការបូជាសាច់ស្រស់ ឈាមស្រស់របស់ បងប្អូនដែលបានចូលរួមចំណែកជាមួយសម្តេចតេជោ ក្នុងបុព្វហេតុធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តទៀតថា ផ្ទះថ្មីដែលប្រគល់ជូននាពេលនេះ មានទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើអំពីឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត និងរនាបក្តារ ជណ្តើរកាច់។
គ្រួសារអតីតយុទ្ធជន រួមជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋពិតជាមានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែងដែលបានទទួលផ្ទះថ្មី និងបានទទួលព័ត៌មានថា នៅឆ្នាំ២០២១ ខាងមុខនេះ សម្តេចនឹងតម្លើងប្រាក់បៀវត្សបន្ថែមជូនដល់អតីតយុទ្ធជនដែលចូលនិវត្តន៍មុនៗឱ្យបានទទួលប្រាក់ខែប្រហាក់ប្រហែលនឹងអតីតយុទ្ធជនដែលទើបចូលនិវត្តន៍ដែលមានប្រាក់បៀវត្សច្រើនដោយមិនឱ្យគម្លាតប្រាក់ឆ្ងាយគ្នាពេក និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃរដ្ឋាភិបាលដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាជនជាពិសេសអតីតយុទ្ធជន។
ក្នុងឱកាសប្រគល់ផ្ទះថ្មីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំអំណោយគ្រឿងឧបភោគបរិភោគរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនគាត់បន្ថែមនៅពេលនេះរួមមាន៖ អង្ករចំនួន ៥០គីឡីក្រាម, មីម៉ាម៉ា ចំនួន ០២កេស, ទឹកបរិសុទ្ធ ចំនួន ០២កេស, ទឹកត្រី ទឹកស៊ីអ៉ីវ ចំនួន ០២យួរ មុងជ្រលក់ថ្នាំចំនួនមួយ និងថវិកាមួយចំនួនផងដែរ។
បញ្ជាក់ផងដែរថា ផ្ទះថ្មីដែលបានប្រគល់ជូននៅពេលនេះ គឺជាផ្ទះទី១៧៣ ដែលសម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនមកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ផ្ដល់ជូនអតីតយុទ្ធជន៕