(កំពង់ឆ្នាំង)៖ ព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានប្រគល់នូវទេយ្យទានរួមមានអង្ករ៥០០គីឡូក្រាម ទឹកត្រី១០យួរ ទឹកស៊ីអ៉ីវ១០យួរ បាឡុង៥ ទឹកសុទ្ធ១០កេស និងបច្ច័យ៥០ម៉ឺនរៀល ជូនដល់សាខាកាកបាទក្រហកម្ពុជាខេត្តកំពង់ឆ្នាំង ដេីម្បីយកទៅប្រេីប្រាស់តាមតម្រូវការជាក់ស្តែង។
ពិធីនេះក៏មានការចូលរួមពី លោក អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមហមកម្ពុជាខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណថ្នាក់កិត្តិយស និងជាព្រះគ្រូធម្មានុវឌ្ឍន៍ ព្រះអនុគណស្រុករលាប្អៀរ និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតីនន្ទង៉ែតសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា,ព្រះអង្គ នុច មុនី ព្រះលេខាគណខេត្តកំពង់ឆ្នាំង, ព្រះគ្រូសិរីមង្គលមុនី ម៉ុច សៅលី ព្រះគ្រូចៅអធិការវត្ត សម្តេចនន្ទង៉ែតសែនជ័យសត្ថារាម ហៅវត្តក្រឡាញ់ចាស់ និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត, លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត។
ព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ មានសង្ឃដីការថាទេយ្យទានដែលផ្តល់ជូនកាកបាទក្រហមនាពេលនេះ គឺបានមកពីការចូលរួមសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទ ធ្វើទានបំពេញកុសលជាមួយព្រះសង្ឃក្នុងកម្មវិធីបុណ្យផ្សេងៗ ហើយដើម្បីចូលរួមជាមួយនឹងសកម្មភាពមនុស្សធម៌ជាមួយសង្គម ថ្នាក់ដឹកនាំមន្រ្តីសង្ឃនៅក្នុងស្រុករលាប្អៀរបានសម្រេចចូលរួមបរិច្ចាគនូវទេយ្យទាននេះ ដល់កាកបាទក្រហមដើម្បីចែកជូនដល់ប្រជាពល
រដ្ឋដែលងាយរងគ្រោះ ដោយយថាហេតុផ្សេងៗ។
លោក អម សុភា បានសំដែងនូវអំណរព្រះគុណដល់ថ្នាក់ដឹកនាំមន្រ្តីសង្ឃគ្រប់ព្រះអង្គ នៅស្រុករលាប្អៀរ ដែលបានបរិច្ចាគនូវទេយ្យទានទាំងនេះមកដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមនូវសកម្មភាពមនុស្សធម៌ជាមួយសង្គម ។
ទាំងនេះបានបង្ហាញនូវកាយវិកាដ៏ប្រពៃដែលជាទឹកព្រះទ័ដ៏សប្បុរសជ្រះថ្លា ក្នុងការចូលរួមរបស់ព្រះសង្ឃក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
លោក អម សុភា បានបញ្ជាក់ទៀតថា គ្រឿងឧបភោគ បរិភោគទាំងនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែលប្រជាពលរដ្ឋទទួលរងនូវគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡេីយ ដោយអនុវត្តទៅតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម៕