(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook ផ្លូវការរបស់សម្តេច នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារចូលរួមអបអរសាទរខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា។
ក្នុងសារអបអរសាទរនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយចំនួន នៃការចរចារបស់សម្តេចទម្រាំឈាន ដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ដែលមានភាគីហត្ថាលេខី៤ភាគី គឺសម្តេចតេជោ តំណាងឱ្យរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថា បើទោះបីមានកិច្ចព្រមទីក្រុងប៉ារីសក្តីក៏សង្គ្រាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ សង្គ្រាមស៊ីវិលនេះបានបញ្ចប់ទាំងស្រុង នៅឆ្នាំ១៩៩៨ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ទើបកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ គឺជាខួប ២៩ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០២០) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ២៩ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។
ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ»៕