(សៀមរាប)៖ យោងតាមការណែនាំរបស់លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានប្រគល់សម្ភារៈ និងថវិកា៣ពាន់ដុល្លារដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប សម្រាប់យកទៅចែកជូនពលរដ្ឋក្រីក្រ និងក្រុមគ្រួសារជនរងគ្រោះ។
ដោយបានមើលឃើញនូវភាពសកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់ ស.ស.យ.ក ដែលតែងតែបានកសហការយ៉ាងល្អ ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងរយៈពេលកន្លងមក ទើបក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានប្រគល់សម្ភារៈ និងថវិកាដល់ ស.ស.យ.ក ដើម្បីបន្តសកម្មភាពចូលរួមក្នុងកិច្ចការមនុស្សធម៌នេះ។
ការប្រគល់សម្ភារៈ និងថវិកានេះ គឺស្ថិតក្នុងវត្តមានរបស់ លោក ស៊ំ សំអន នាយកសាខា និងវត្តមានដឹកនាំដោយលោក ប្រាក់ សោភ័ណ ប្រធាន ស.ស.យ.ក ខេត្តសៀមរាប ដែលអំណោយមនុស្សធម៌ទាំងនេះ ទើបតែទទួលបានពីសប្បុរសជនកាលពីព្រឹកមិញនេះមានដូចជាអង្ករ ២តោន មី ១០០កេស ទឹកបរិសុទ្ធ ១០០កេស ភួយ ១០០ ធុងសំរាម ១៦ និងថវិកាចំនួន ៣ ពាន់ដុល្លារអាមេរិក៕