(ស្ទឹងត្រែង)៖ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានដឹកក្រុមការងារ ចុះទៅសួរសុខទុក្ខ និងនាំយកនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ចំនួន.៤១១គ្រួសារ មកពីឃុំ ចំនួន៣គឺ ឃុំកាំងចាម ឃុំអន្លង់ជ្រៃ និង ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ពិធីចែកអំណោយ ត្រូវបានរៀបចំឡើងនៅ ពីរទីតាំងរួមមាន៖ ទីតាំងទី១នៅក្នុងបរិវេណសាលាឃុំកាំងចាម ដោយមានប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១១៦គ្រួសារ និងទីតាំង ២ ស្ថិតក្នុងបរិវេណអនុវិទ្យាល័យស្រែឬស្សី ក្នុងឃុំស្រែឬស្សី មានចំនួន២៩៥គ្រួសារ ក្រោមវត្តមានលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយលោក លោកស្រី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្រ្តីរាជការខេត្ត និងមន្ត្រីសាលាស្រុកថាឡាបរិវ៉ាជាច្រើនរូប។
លោក ម៉ុម សារឿន អភិបាលខេត្ត បានលើកឡើងថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នាពេលនេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ គិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ពិសេសប្រជាពលរដ្ឋដែល រងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាក ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬពណ៍សម្បុរអ្វីឡើយ។
លោកបន្តថា ក្រោយពីទទួលបានដំណឹងថា មានប្រជាពលរដ្ឋខេត្តស្ទឹងត្រែងរងគ្រោះដោយជំនន់ទឹកភ្លៀង សម្តេចតេជោ ហ៊ុន សែន បានផ្តល់ថវិកាចំនួន៥០,០០០ដុល្លារ ដល់គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយទឹកជំនន់ នៅក្នុងខេត្ត។
ឆ្លៀតក្នុងឱកាសនោះដែរលោក ម៉ុម សារឿន ក៏បានផ្តាំផ្ញើសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំ ឡើង វិញ បន្ទាប់ពី ទឹកបានស្រកចុះវិញ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាក៏ដូចនៅក្នុងខេត្តស្ទឹងត្រែងទាំងមូល។
សូមបញ្ជាក់ថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋចំនួន៤១១គ្រួសារ តាមរយៈរដ្ឋបាលខេត្តស្ទឹងត្រែង នាពេលនេះ រួមមាន៖ ក្នុងមួយគ្រួសារទទួល បានអង្ករ២៥គីឡូក្រាម ទឹកស៊ីអីវ០១យួរ ត្រីខកំប៉ុង០១យួរ ទឹកសុទ្ធ០១កេស និងមុងច្រលក់ថ្នាំចំនួន០១៕