(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានទទួលជួបជាមួយលោក ថាស៊ីឡូ ព្រីនសឺ (Tassilo Brinzer) ប្រធានថ្មីនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារ និងពង្រឹកកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានជម្រាបជូននូវកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាកន្លងមក ក៏ដូចជាធ្វើបច្ចុប្បន្នភាព ជូនអំពីការអនុម័តច្បាប់ថ្មីៗ ដូចជា ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ការពារអ្នកប្រើប្រាស់ និងការរៀបចំសេចក្ដីព្រាងច្បាប់ប្រកួតប្រជែងជាដើម។
លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូនៃសភាពាណិជ្ជកម្មអឺរ៉ុប អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានបញ្ចប់ជាមួយសាធារណរដ្ឋប្រជាមានិតចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងចរចាជាមួយសាធារណរដ្ឋកូរ៉េ និងការត្រៀមចរចាជាមួយប្រទេសជាដៃគូសំខាន់ៗដទៃទៀតជាដើម។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យប្រតិភូ នៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ចូលរួមកម្មវិធី ឬព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងជំនួបពាណិជ្ជកម្មជាមួយអ្នកធុរកិច្ចកម្ពុជា និងបានស្នើឲ្យកិច្ចសហប្រតិបត្តិការ ពីសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ក្នុងការចូលរួមក្នុងការរៀបចំវេទិកាធុរៈកិច្ចនានា នៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នៅប្រទេសកម្ពុជា នាពេលខាងមុខផងដែរ។
ជាកិច្ចឆ្លើយតប លោកប្រធាននៃសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលដ៏ល្អដែលកម្ពុជា ទទួលបានការអនុម័តច្បាប់ខាងលើនេះ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះ ដើម្បីធានាភាពជឿជាក់សម្រាប់អ្នកធុរកិច្ច និងវិស័យពាណិជ្ជកម្ម នៅកម្ពុជានាពេលអនាគត។
បន្ថែមពីនេះ លោកប្រធាន ក៏បានលើកឡើងពីគោលការណ៍ របស់ក្រុមហ៊ុនអឺរ៉ុប ក្នុងការប្រើប្រាស់ថាមពលកើតឡើងវិញ និងការកាត់បន្ថយកម្រិតឧស្ម័នកាបូនឌីអុកស៊ីតឱ្យមក ០% ក្នុងឆ្នាំ២០៣០ នៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ លោកប្រធានក៏បានយល់ព្រមក្នុងការជួយរៀបចំវេទិកាធុរៈកិច្ចនៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ដោយទទួលអញ្ជើញវាគ្មិនអន្តរជាតិចូលរួមក្នុងវេទិកានេះ។
ជាកិច្ចឆ្លើយតបមុននឹងបញ្ចប់កិច្ចប្រជុំ លោករដ្ឋមន្ត្រី បានឯកភាព និងស្វាគមន៍ចំពោះសំណូមពររបស់លោកប្រធាន និងស្នើឲ្យសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម ដែលមានលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ ដើម្បីរៀបចំវេទិកាធុរៈកិច្ចនានានៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ផងដែរ៕