(ត្បូងឃ្មុំ)៖ រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ លោក ហាក់ សុខមករា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារស្រង់ទិន្នន័យ ក្បាលម៉ាស៊ីនជាយុវជនបក្ស និងការធ្វើបច្ចុប្បន្នភាពយុវជនជាសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅមន្ទីរគណបក្សខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិប្រយ៉ាប ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសមាជិក សមាជិកា គណបក្សជាច្រើនរូប។
ថ្លែងនាឱកាសនោះលោក ហាក់ សុខមករា បានថ្លែងថា សុខសន្តិភាព ស្ថេរភាពនយោបាយ ដែលយើងមានសព្វថ្ងៃនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់ឥស្សរជន ដែលជាថ្នាក់ដឹកនាំក្រុមបក្ស ប្រជាជនកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះជាតិមាតុភូមិ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ។
កត្តាសុខសន្តិភាពនេះ ធ្វើឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យជាបន្តបន្ទាប់ ជីវភាពប្រជាជនក៏កាន់តែរីកចម្រើន ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចល្អប្រសើរ នៅក្នុងក្រប ខ័ណ្ឌទូទាំងប្រទេស និងជាពិសេសជីវភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ ក៏ត្រូវបានលើកកម្ពស់ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
លោក ហាក់ សុខមករា ក៏បានសូមជំរុញសមាជិកសមាជិកា ដែលបានចូលរួមទាំងអស់នៅពេលនេះ បង្ហាញនូវបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីថ្នាក់ដឹកនាំគណបក្សមានដំណោះស្រាយជូន ហើយចំពោះបញ្ហា ដែលនៅសល់នឹងត្រូវបន្តខិតខំដោះស្រាយបន្ថែមទៀត។
លោក ហាក់ សុខមករា បានបន្តថា សមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវខិតខំរួមគ្នា ជ្រោមជ្រែង អនុវត្តតាមការណែនាំរបស់បក្សតាមរយៈក្រុមការងារចុះជួយមូលដ្ឋាន និងអ្នកពាក់ព័ន្ធដទៃទៀត ក្នុងការបម្រើសេវាជូនពលរដ្ឋនៅតាមមូលដ្ឋាន ភូមិឃុំ ជាពិសេសសេវាសាធារណៈ ដែលជាកិច្ចការដ៏មានសារៈសំខាន់ និងត្រូវបន្តយកចិត្តទុកដាក់ ចំពោះសុខទុក្ខ ប្រជាពលរដ្ឋ នឹងត្រូវដោះស្រាយបញ្ហាប្រឈមឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕