(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍សន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (អាយកាប់-ICAPP) បានគូសបញ្ជាក់ថា ជំងឺកូវីដ-១៩ គឺជាបញ្ហាសកលដែលទាមទារឱ្យមានសាមគ្គីភាពគ្នាជាសកល និងដំណោះស្រាយរួម។ តែជាអកុសល ប្រទេសខ្លះបានកេងចំណេញនយោបាយទៅលើជំងឺរាតត្បាតនេះ ដោយសារផលប្រយោជន៍ និងភាពអាត្មានិយមតូចចង្អៀតរបស់ពួកគេ។
ការគូសបញ្ជាក់បែបនេះ របស់លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានធ្វើឡើងក្នុងពិធីបើកវេទិកាអន្តរគណបក្សអន្តរជាតិ (Internal Inter-Party Forum SCO+) នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO+) តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទស្តីពី «ការធ្វើពាណិជ្ជកម្មសម្រាប់ប្រជាជន» ដែលធ្វើឡើងតបតាមការអញ្ជើញរបស់ម្ចាស់ផ្ទះ គណបក្សរួបរួមរុស្សី តាមរយៈលោក អង់ដ្រេ គ្លីម៉ៅ អគ្គលេខាធិការរង ក្រុមប្រឹក្សាទូទៅ គណបក្សរួបរួមរុស្សី និងជាអនុប្រធានអង្គការ ICAPP នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ។
លោកស្រីកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ជំងឺកូវីដ-១៩ គឺជាបញ្ហាសកលដែលទាមទារឱ្យមានសាមគ្គីភាពគ្នាជាសកល និងដំណោះស្រាយរួម។ ជាអកុសល ប្រទេសខ្លះបានកេងចំណេញនយោបាយទៅលើជំងឺរាតត្បាតនេះដោយសារផលប្រយោជន៍ និងភាពអាត្មានិយមតូចចង្អៀតរបស់ពួកគេ»។
លោកស្រីកិត្តិសង្គហបណ្ឌិត បានសម្តែងនូវក្តីរីករាយ និងអបអរសាទរដល់គណបក្សរួបរួមរុស្សីដែលបានរៀបចំវេទិកាអន្តរគណបក្សយ៉ាងរហ័សទាន់ពេលវេលាដោយផ្តោតលើកិច្ចសហប្រតិបត្តិការ និងការកសាងភាពជាដៃគូក្នុងការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។
លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានបញ្ជាក់បន្ថែមថា នៅពេលដែលវិបត្តិសកលមានទំហំ និងទ្រង់ទ្រាយធំបែបនេះ វាចាំបាច់ខ្លាំងណាស់សម្រាប់យើងក្នុងជំរុញយុទ្ធនាការសកលរួមគ្នា ដើម្បីទប់ទល់នឹងឯកតោភាគីនិយម និងជាតិនិយមផ្តាច់មុខ បូករួមទាំងជាតិនិយមអំពីវ៉ាក់សាំង។
លោកស្រីកិត្តិសង្គហបណ្ឌិត បានលើកឡើងបន្តថា គណបក្សនយោបាយមានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់នូវការប្តេជ្ញាចិត្តខ្ពស់ និងការទទួលខុសត្រូវខាងផ្នែកនយោបាយ សម្រាប់ការបង្កើតនូវរបៀបវារៈគោលនយោបាយ និងការប្រមូលធនធាន ដើម្បីដោះស្រាយវិបត្តិនៃជំងឺរាតត្បាតនេះ។ ការធ្វើការសម្រេចចិត្តដោយផ្អែកលើវិទ្យាសាស្ត្រ និងទិន្នន័យ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការគ្រប់គ្រងវិបត្តិ។ គណបក្សនយោបាយទាំងអស់ គឺមានសារៈសំខាន់ដូចជាភាគីពាក់ព័ន្ធដទៃជាសកល ដែលគួរពិចារណាលើចំណុចអាទិភាពរបស់ពួកគេដោយផ្តោតលើការកសាងស្តារឡើងវិញនូវផែនការមួយដែលមានភាពធន់មាំ និងបៃតង ព្រមជាមួយនឹងការស្តារសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើងជាមួយអាទិភាពរបស់សង្គម។
សូមជម្រាបថា សហព័ន្ធរុស្សី ក្នុងនាមជាប្រធានប្តូរវេននៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានរៀបចំធ្វើជាម្ចាស់ផ្ទះនៃ វេទិកាអន្តរគណបក្សអន្តរជាតិ ក្រោមប្រធានបទស្តីពី «ការធ្វើពាណិជ្ជកម្មសម្រាប់ប្រជាជន» ដោយមានការចូលរួមពីថ្នាក់ដឹកនាំមកពីគណបក្សរួបរួមរុស្សី ថ្នាក់ដឹកនាំគណបក្សកាន់អំណាច និងតំណាងអ្នកវិនិយោគិនមកពី SCO ក្រុមប្រទេស BRICS (ប្រេស៊ីល រុស្សី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) និងសមាគមន៍រដ្ឋឯករាជ្យកុំម្មុនវែល (Commonwealth of Independent States-CIS) និងអ្នកសង្កេតការណ៍មកពីប្រទេសផ្សេងៗ តាមប្រព័ន្ធអ៊ីនធើណែត ពីថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២០៕