(ភ្នំពេញ)៖ ក្រោយកម្ពុជារងគ្រោះដោយសារជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រកាសនៅចំពោះមុខប្រជាជនរងគ្រោះថា ក្រោយពេលទឹកជំនន់ស្រកថមថយទៅវិញ រាជរដ្ឋាភិបាលនឹងទទួលខុសត្រូវ ទៅលើការរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយជំនន់នេះជាផ្លូវថ្នល់ ជាប្រឡាយទឹក ជាសាលារៀន មន្ទីរពេទ្យជាដើម។
សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបែបនេះនៅក្នុងឱកាសចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
ជាមួយគ្នានេះដែរសម្ដេចបានថ្លែងយ៉ាងដូច្នេះថា «យើងមានការបាត់បង់ ប៉ុន្តែអ្វីដែលសេសសល់គឺជីវិតដែលយើងរស់នៅ បន្ទាប់ពីទឹកជំនន់ឆ្លងផុតទៅការស្ដារជីវភាពឡើងវិញ ត្រូវបន្តដោយក្រុមគ្រួសារនីមួយៗ ជំនួយឧបត្ថម្ភដែលចែកនៅថ្ងៃនេះគ្រាន់តែជាការសម្រាលការលំបាកតែមួយគ្រាសិនតែប៉ុណ្ណោះ តែអ្វីដែលជាជំហានរឹងមាំទៅមុខនោះ គឺកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រួសារនីមួយៗ»។
ទន្ទឹមនឹងការស្នើឲ្យប្រជាពលរដ្ឋព្យាយាមក៏សាងជីវភាពឡើងវិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាខាងលើក៏បានអំពាវនាវដល់ អាជ្ញាធរឲ្យបន្តក្នុងការជួយសង្គ្រោះ ប្រជាជនពលរដ្ឋបន្ថែមទៀត ដើម្បីមកកាន់ទីទួលសុវត្ថិភាព នឹងដើម្បីកាត់បន្ថយគ្រោះថ្នាក់ពីទឹកជំនន់ដល់ប្រជាពលរដ្ឋផងដែរ។ «ខ្ញុំសូមអំពាវនាវ ចំពោះអាជ្ញាធរ ក៏ដូចជាកម្លាំងប្រដាប់អាវុធ បន្តការចូលរូមចំណែកដើម្បីជួយប្រជាជន ក្រោយគ្រោះទឹកជំនន់នេះតទៅទៀត។ កន្លងទៅយើងបានធ្វើល្អហើយ ទៅលើកិច្ចការសង្រ្គោះនេះ នៅគ្រប់ទីកន្លែងទាំងអស់មិនថាតែតំបន់ប៉ោយប៉ែតទេ ទាំងនៅបណ្ដាខេត្ត ដែលមានទឹកជំនន់គឺសុទ្ធមានការទទួលខុសត្រូវល្អណាស់ បានយកប្រជាជនទៅកាន់ទីទួលសុវត្ថិភាព ចេញពីតំបន់គ្រោះថ្នាក់ ដែលនេះជាកិច្ចការអទិភាព សំខាន់បំផុតដែលរាជរដ្ឋាភិបាលចង្អុរទិសឲ្យថ្នាក់ក្រោមទទួលខុសត្រូវ។ កម្លាំងយើងពិតជាស្រុះគ្នា នៅក្នុងពេលប្រតិបត្តិការរយៈពេលកន្លងទៅនេះ ហើយខ្ញុំសង្ឃឹមថានឹងស្រុះគ្នាបន្តទៀត នៅពេលខាងមុខដើម្បី ស្ដារឡើងវិញនូវវជីវភាពរបស់ប្រជាពលរដ្ឋ បន្ទាប់ពីជំនន់បានកន្លងផុត»។
ជាការកត់សម្គាល់ គិតត្រឹមថ្ងៃទី២២ ខែតុលា ជំនន់ទឹកភ្លៀងបានបណ្ដាលឲ្យពលរដ្ឋកម្ពុជាស្លាប់អស់ចំនោះ៣៦នាក់ ក្នុងនោះខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ដល់១៩នាក់ ដែលជាចំនួនច្រើនជាងគេនៅក្នុងតំបន់ដែលរងគ្រោះដោយសារទឹកជំនន់នៅកម្ពុជា។
សូមបញ្ជាក់ផងដែរថា ជំនន់ទឹកភ្លៀងនៅកម្ពុជាបានគ្របដណ្ដប់លើផ្នែកខ្លះនៃបណ្ដាខេត្ត និងក្រុង ដែលមានចំនួនសរុប១៩ រាជធានី-ខេត្ត និងប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង៤០ម៉ឺននាក់៕