(ភ្នំពេញ)៖ លោក Masashiro Miyao ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានអះអាងចំពោះមុខលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា ក្រុមហ៊ុនជប៉ុនមួយចំនួនមានបំណងផ្លាស់ប្ដូរទីតាំងរបស់ខ្លួន ពីប្រទេសចិន មកបណ្ដាប្រទេសអាស៊ាន ដែលកម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសអទិភាព សម្រាប់វិនិយោគិនជប៉ុន។
ការអះអាងនេះធ្វើឡើងក្នុងឱកាសលោក Masahiro Miyao សម្ដែងការគួរសម និងជម្រាបលា លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក្នុងឱកាសដែលលោក ត្រូវបញ្ចប់អណត្តិបេសកកម្ម នៅកម្ពុជាក្នុងខែតុលានេះ។
ជាមួយគ្នានេះ លោកស្រី Marisa Haruta ប្រធានតំណាងអង្គការ JETRO ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី ក៏មានវត្តមាន ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួនផងដែរ។
លោករដ្ឋមន្រ្ដីបានសម្ដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះការបំពេញបេសកកម្ម ការងាររបស់លោក Masashiro Miyao កន្លងមក ដែលលោកជាប្រធានតំណាងប្រចាំកម្ពុជាទី៣ នៃអង្គការ JETRO។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្ដី ក៏បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោកស្រី Marisa Haruta ប្រធានតំណាងអង្គការ JETRO ថ្មីប្រចាំកម្ពុជា ដោយសង្ឃឹមថា ក្នុងអណត្តិបំពេញការងាររបស់លោកស្រី នឹងពង្រឹងបានថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងការបន្ដលើកកម្ពស់ទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា-ជប៉ុន។
តំណាង JETRO ក៏បានជម្រាបជូនផងដែរថា ក្រុមហ៊ុនជប៉ុនមួយចំនួន កំពុងតែមានការចាប់អារម្មណ៍ខ្ពស់ លើវិស័យកសិកម្មនៅកម្ពុជា ជាពិសេសលើប្រភេទកសិផលសរីរាង្គ សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅជប៉ុន និងគោលដៅដទៃទៀត ដែលផលិតផលសរីរាង្គមានតម្រូវការខ្ពស់។
ជាការឆ្លើយតប លោករដ្ឋមន្រ្ដីបានថ្លែងសេចក្ដីស្វាគមន៍ និងជំរុញឱ្យវិនិយោគិនជប៉ុន មកបើកអាជីវកម្ម ឬរោងចក្រកែច្នៃផ្សេងៗនៅកម្ពុជា និងលើកទឹកចិត្តឱ្យមានការនាំចេញកសិផល ក៏ដូចជាផលិតផលកែច្នៃរបស់កម្ពុជាបន្ថែម ទៅប្រទេសជប៉ុន និងគោលដៅសក្ដានុពលដទៃទៀត ជាពិសេស គឺត្រូវទាញយកផលប្រយោជន៍ ឱ្យបានពេញលេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាគូភាគី។
លោករដ្ឋមន្ត្រីបានបានបង្ហាញសេចក្ដីស្វាគមន៍នូវការបន្ដកិច្ចការ និងគាំទ្រក្រុមហ៊ុនជប៉ុន ក្នុងការធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក ហើយក្រសួងពាណិជ្ជកម្ម នឹងបន្ដសហប្រតិបត្តិការជាមួយអង្គការ JETRO ក្នុងការគាំទ្រអាជីវកម្មជប៉ុននៅកម្ពុជា។
ក្នុងកិច្ចជំនួបនេះដែរ លោករដ្ឋមន្រ្ដី ក៏បានជម្រាបដល់តំណាងអង្គការ JETRO នូវគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតូច (AIMS) របស់ក្រសួងពាណិជ្ជកម្ម ដែលអ្នកផលិតជាក្រុមកសិករខ្នាតតូច និងក្រីក្រនៃផលិតផល ដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូវមី និងសូត្រឆៅ និងស្នើសុំឱ្យក្រុមហ៊ុន AEON របស់ជប៉ុន ពិនិត្យលទ្ធភាពដាក់លក់ផលិតផលរបស់គម្រោង AIMS នៅទីផ្សាររបស់ខ្លួនផងដែរ។
លោករដ្ឋមន្រ្ដីបានជូនពរដល់លោក Masashiro Miyao នូវកិច្ចការបន្ទាប់របស់លោក និងលើកទឹកចិត្តជូនលោកស្រី Marisa Haruta ដែលជាប្រធានតំណាងថ្មីឱ្យបន្ដកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអង្គការ JETRO និងក្រសួងពាណិជ្ជកម្ម៕