(បន្ទាយមានជ័យ)៖ ដោយមានការយកចិត្តទុកដាក់ និងស្រាជ្រាវយ៉ាងល្អិតល្អន់រួចមក, មន្ត្រីគយ នៃការិយាល័យស្រាវជ្រាវអំពើរត់ពន្ធតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោម ឱវាទ សហការជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបក្រុមឈ្មួញរកស៊ីខុសច្បាប់តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយលួចនាំចូលគ្រឿងក្នុងមាន់ និងជ្រូកដែលខូចគុណភាព ដើម្បីយកមកចែកតាមទីផ្សារក្នុងប្រទេសកម្ពុជា។
ពីមន្ត្រីគយ បានប្រាប់អង្គភាព Fresh News ថា ក្រោយការបង្ក្រាបក្រុមឈ្មួញ សមត្ថកិច្ចបានរកឃើញមានគ្រឿងសាច់ ជ្រូក ដែលខូចគុណភាពចំនួន៥៦កេស ស្មើនិង៣៣៦០គីទ្បូក្រាម។
ក្រោយពីការបង្ក្រាបរួច វត្ថុតាងទាំងនោះ ត្រូវបានប្រគល់ជូនសមត្ថិច្ចជំនាញ នៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីដុតកម្ទេចចោលតាមនីតិវិធីនៃវិធានការណ៍ច្បាប់។
ក្នុងនោះផងដែរ ប្រធានការិយាល័យផលិតកម្ម បសុព្យាបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់ស្រ្តីមេផ្ទះសូមមេត្តាប្រេងប្រុងប្រយ័ត្មសុខមាលភាពមុននឹងទិញសាច់មាន់ ទា ជ្រូក យកទៅបរិភោគសូមពិនិត្យមើលឲ្យបានល្អិតល្អន់ ព្រោះវា ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ៕