(ព្រះវិហារ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្សក្រសួងសុខាភិបាល បានកោតសរសើរ និងអរគុណអាជ្ញាធរខេត្តព្រះវិហារ ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទទួលបានជោគជ័យ ពិសេសបានព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន២នាក់បានជាសះស្បើយផងដែរ។
ការថ្លែងបែបនេះរបស់លោកស្រី ឱ វណ្ណឌីន ក្នុងឱកាសដែលលោកស្រីតំណាងលោកសាស្ត្រាចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយលោកស្រី លី អាយឡែន តំណាងអង្កការសុខភាពពិភពលោក ដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងបញ្ជាក់ថា ស្របពេលខេត្តព្រះវិហារមានអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន២នាក់នោះ លោកស្រីមានការបារម្ភខ្លាំងណាស់ មិនដឹង២នាក់នេះតទៅប៉ុន្មាន នាក់ទៀត? ប៉ុន្តែជាក់ស្តែងតាមរយៈការធ្វើការដោយជិតស្និតរវាងលោកស្រី និងវេជ្ជបណ្ឌិតលោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ឆ្លើយឆ្លងគ្នាតាមទូរស័ព្ទគ្រប់ពេលវេលា រិះរកគ្រប់វិធីដើម្បីឲ្យការងារនេះមានប្រសិទ្ធភាពខ្ពស់។ លោកស្រីថា តាមរយៈការធ្វើការរួមគ្នានេះឃើញថា យើងអាចទប់ស្កាត់បាន។
ជាមួយគ្នានេះលោកស្រី ឱ វណ្ណឌីន បាលជំរុញឲ្យរួមគ្នាត្រូវរៀនសូត្រអ្វីដែលជាលទ្ធផលដែលយើងទទួលបានមកនេះ ដើម្បីឆ្លៀតយកបទពិសោធន៍នេះ ទៅបំពេញបន្ថែមនូវចំណុចខ្វះខាតមួយៗ ទន្ទឹមនឹងនោះត្រូវតែគិតទៅមុខដែរ ព្រោះអ្វីដែលបានកើតឡើងគឺកើតរួចហើយ អ្វីដែលបានខិតខំឆ្លើយតបគឺឆ្លើយតបរួចហើយ ប៉ុន្តែអ្វីដែលយើងត្រូវគិតនៅពេលនេះ តើយើងត្រូវធ្វើអ្វី ខ្លះទៀត? ក្នុងបរិបទ នៃកូវីដ១៩ ក្នុងបរិបទនៃការទឹកជនលិចនេះ? តើយើងត្រូវធ្វើអ្វីឲ្យសេវាសុខាភិបាលរបស់យើងមានភាពឆ្លើយតបឲ្យបានសមស្របទៅតាមនិន្នាការ នៃការវិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាការវិវឌ្ឍន៍នៃសង្គម និងការវិវឌ្ឍន៍នៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង។
លោកស្រីរដ្ឋលេខាធិការ ក៏បានចោទជាសំណួរទៅអាជ្ញាធរខេត្តព្រះវិហារ និងមន្ទីរសុខាភិបាលខេត្តថា តើត្រូវធ្វើការរួមគ្នាបែបណា? មានផែនការបែបណា? ដើម្បីត្រៀម ព្រោះជំងឺកូវីដ១៩ កល៏អត់ទាន់ចប់ដែរ។ ថ្វីត្បិតតែយើងអត់មានកូវីដ១៩ មិនមែនបានន័យថា អត់មានជំងឺកូវីដ១៩ទេ គ្រាន់តែយើងរកអត់ទាន់មាន ហើយបញ្ហាកូវីដនៅតែជាបញ្ហាកូវីដ? ហើយយើងត្រូវតែគិតថា ពីឥឡូវនេះរហូតទៅដល់ពេលណាមួយនោះ ដែលពិភពលោកមានការធូរស្រាលនូវកូវីដ ដូច្នេះតើយើងត្រូវធ្វើអ្វីដើម្បីទប់ ពេលនេះអត់មាន តែពេលទៅមុខទៀតក៏យើងអត់ដឹងថា មានឬគ្មាននោះទេ?
លោកស្រី ឱ វណ្ណឌីន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះទៀតថា ខេត្តព្រះវិហារជាខេត្តទេសចរណ៍មានមនុស្សឆ្លងកាត់ចេញចូល ដូច្នេះលទ្ធភាព នៃការនាំវីរុសកូវីដ១៩ គឺមាន តែយើងអត់ដឹងនៅពេល ណាទេ ចឹងត្រូវតែដាក់នៅវិធានការបន្តនូវវិធានការនេះឲ្យបានម៉ឺងម៉ាត់នៅក្នុងការត្រួតពិនិត្យសុខភាពអ្នកដែលចេញចូលនេះឯង ជាពិសេសនៅតាមច្រកព្រំដែន ក៏ដូចជាតំបន់ទេសចរណ៍ ផ្សេងៗ។ ត្រូវបង្កើនការយកចិត្តទុកដាក់ការធ្វើចត្តាឡីស័កទាំងនៅតាមផ្ទះ និងនៅតាមមណ្ឌល។
លោក ប្រាក់ សុវណ្ណ បានថ្លែងថា ខេត្តព្រះវិហារគិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើតេស្តសំណាករកមេរោគកូវីដ១៩ លើមនុស្សចំនួន ៥១៩នាក់ ក្នុងនោះលទ្ធផលអវិជ្ជមាន ៥០៧នាក់ និងវិជ្ជមាន ២នាក់ តែបានព្យាបាលជាសះស្បើយហើយ។ លោកថា បានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើពលរដ្ឋចំណាកស្រុកមកពីបរទេសសរុប៨១៣នាក់ ដោយបានដាក់ឲ្យធ្វើ ចត្តាឡីស័ក នៅមណ្ឌល និងនៅតាមផ្ទះក្រោមការត្រួតពិនិត្យយ៉ាងត្រឹមត្រូវនិងគ្រប់ ១៤ថ្ងៃ។
ជាមួយគ្នានេះ ខេត្តបានត្រៀមបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ សម្រាប់អ្នកជំងឺដាច់ដោយឡែកមាន ៤ទីតាំងរួមមាន៖ សណ្ឋាគារហ្រ្គីនផាលេស ផ្ទះសំណាក់គ្រូបង្រៀន សណ្ឋាគារព្រះវិហារជ័យ និងមណ្ឌុលសុវត្ថិភាពតាកឹង ព្រមទាំងបានដោះស្រាយជូនប្រជាពលរដ្ឋមកសម្រាកនៅមណ្ឌលចត្តាឡីស័ក និងបុគ្គលិពេទ្យប្រចាំការក៏ដូចជា មន្ត្រីប្រចាំការនៅមណ្ឌលចត្តាឡីស័កផងដែរ៕