(ភ្នំពេញ)៖ ក្នុងគោលបំណងពង្រឹងលើវិស័យច្បាប់ ដើម្បីលើកស្ទួយដំណើរការនីតិវិធីឱ្យទៅតាមបទដ្ឋានគតិយុត្ត អ្នកច្បាប់ និងក្រុមមន្ត្រីអនុវត្តច្បាប់ បានបើកកិច្ចសិក្ចាសាលាមួយ ស្តីពីនីតិវិធី និងបច្ចេកទេសកសាងសំណុំរឿង ដោយផ្តោតលើកិច្ចការប្រកួតប្រជែង និងការបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដល់មន្ត្រីនគរបាលយុត្តិធម៌។ ហើយសិក្ខាសាលានេះមានការចូលរួមពីសំណាក់ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងសហការីជាច្រើនរូប។

កម្មវិធីសិក្ខាសាលាបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ នៅទីស្នាក់ការកណ្តាលរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»។

សិក្ខាសាលាដ៏មានសារសំខាន់នេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងវត្តមានធ្វើបទឧទ្ទេសនាមដោយលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោកអគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងសហការី។

ក្រោយសិក្ខាសាលាបានបញ្ចប់ក្រោមបរិយាកាសជ្រោតជ្រាបរីករាយស្និទ្ធស្នាលលើដំណើរការនីតិវិធីច្បាប់។ សមាជិក សមាជិកាជាសិក្ខាកាមបានប្តេជ្ញាយកចំណេះជំនាញ ស្តីពីនីតិវិធី និងបច្ចេកទេសកសាងសំណុំរឿងដោយមន្ត្រីនគរបាលយុត្តិធម៌នេះទៅអនុវត្តឱ្យបានត្រឹមត្រូវតាមកំណត់ច្បាប់ និងនីតិវិធី ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជន ក៏ដូចជាសង្គមជាតិផងដែរ៕