(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រីនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកកូនត្រីចម្រុះជាង១ម៉ឺនក្បាល លែងចូលបឹងត្រពាំងកំពែង ស្ថិតក្នុងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ពិធីលែងកូនត្រីនេះ ក្រោមការរៀបចំដោយរដ្ឋបាលខេត្ត សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរស្រុកតំបែរ ដោយមានការចូលរួមពីគណៈអភិបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងថា វាជារឿងដែលល្អបំផុតដែលតាមបណ្តាស្រុកនានាក្នុងខេត្តត្បូងឃ្មុំ មានបឹងធម្មជាតិជាច្រើន ហើយបឹងទាំងនោះជាប្រភពផ្តល់ផលប្រយោជន៍ ដល់ប្រជាជនយ៉ាងសំខាន់ ដូចជាប្រភពទឹក និងត្រីជាដើម។ ដូចនេះយើងត្រូវរួមគ្នាថែរក្សា ការពារ ដោយមិនត្រូវឲ្យជនខិលខូច រំលោភយក ឬប្រើប្រាស់ឧបករនេសាទខុសច្បាប់ដូចជាឆក់ជាដើម ដែលធ្វើឲ្យប៉ះពាល់ដល់ត្រីគ្រប់ប្រភេទជាដាច់ខាត។
ក្នុងឱកាសនោះ លោកបណ្ឌិតអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាធនធានធម្មជាតិ ដូចជាត្រីជាដើម ដោយមិនត្រូវប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់នានា ដែលធ្វើឲ្យត្រីហិនហោច និងដាច់ពូជទៅថ្ងៃអនាគត ជាប្រភពអាហារសំខាន់សម្រាប់កូនចៅយើងជំនាន់ក្រោយ។
ជាមួយគ្នានោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតនៃគ្រោះមហន្តរាយធម្មជាតិ ដែលកើតមានឡើងជាយថាហេតុ ហើយក៏ត្រូវ រស់នៅមានអនាម័យជានិច្ច ដើម្បីរួមគ្នាការពារជំងឺឆ្លងផ្សេងៗ ពិសេសជំងឺកូវីដ១៩។
បន្ទាប់ពីលែងកូនត្រីចូលបឹងត្រពាំងកំពែងរួចមក លោកបណ្ឌិតអភិបាលខេត្ត ក៏បានបន្តអញ្ជើញទៅពិនិត្យមើលការចិញ្ចឹមមាន់យកពង និងភ្ញាស់កូនលក់របស់ប្រជាពលរដ្ឋក្នុងឃុំ ត្រពាំងព្រីង ក្នុងស្រុកតំបែរផងដែរ ដើម្បីជាការលើកទឹកចិត្ត ដល់ប្រជាកសិករ ដែលចាប់អាជីពនៅនឹងសហគមន៍ខ្លួន ដែលជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩ ជាជៀងការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅឆ្ងាយផ្ទះឆ្ងាយគ្រួសារ។
បើតាមរបាយការណ៍របស់លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ បានឲ្យដឹងថា បឹងត្រពាំងកំពែង មានទំហំជាង១ហិកតា ស្ថិតក្នុងសហគមន៍ព្រៃកំពែង មានផ្ទៃដីសរុបចំនួន៣២ហិកតា ដែល ប្រជាពលរដ្ឋបានថែរក្សាទុក សម្រាប់ជាផលប្រយោជន៍សាធារណៈ ខណៈតំបន់នេះក៏ជាតំបន់ស័ក្តិសិទ្ធិ ដែលប្រជាពល រដ្ឋមានជំនឿផងដែរ។ ជាមួយនឹងព្រៃឈើជាច្រើនប្រភេទ ក៏មានសត្វមួយចំនួនរស់នៅដូចជា ពស់ ស្វា កុក ជាដើម ។ល៕