(ស្វាយរៀង)៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលបង្ហោះលក់កាំភ្លើងតាមបណ្ដាញសង្គម Facebook នៅខេត្តស្វាយរៀង។
ប្រតិបត្តិការនេះធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ។
ជនសង្ស័យដែលកម្លាំងនគរបាលជំនាញចាប់ខ្លួនបានឈ្មោះ អ៊ាន សម្បត្តិ អាយុ៣២ឆ្នាំ នៅចំណុចភូមិទួលស្រងាំ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ហើយជននេះបានផ្សព្វផ្សាយ និងលក់កាំភ្លើងគ្រប់ប្រភេទ តាមបណ្ដាញសង្គម Facebook។
លោកឧត្តមសេនីយ៍ទោ រៀល សុភា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលដឹកនាំការស្រាវជ្រាវ និងបង្ក្រាបករណីនេះ បានបញ្ជាក់ថា ជនសង្ស័យនេះបានបង្កើត គណនី Facebook ជាច្រើន ដែលសុទ្ធតែជាគណនីក្លែងក្លាយ ហើយបានធ្វើការផ្សព្វផ្សាយលក់កាំភ្លើងខ្លីទំនើបៗ, កាំភ្លើងបាញ់សត្វ និងកាំភ្លើងហ្គាសគ្រប់ប្រភេទ ដោយធ្វើការនាំចូលពីប្រទេសជិតខាងយកមកលក់ក្នុងទឹកដីកម្ពុជាតែម្ដង។
ប៉ុន្តែក្នុងចំណោមគណនី Facebook ទាំងអស់នោះ មានគណនីខ្លះប្រើសម្រាប់បោកប្រាស់អ្នកទិញតែម្ដង គឺនៅពេលដែលកម្មង់ទិញឥវ៉ាន់ហើយ គេតម្រូវឲ្យអ្នកទិញវេរលុយឲ្យគេទាំងអស់ ហើយភាគច្រើនគេមិនបានផ្ដល់ទំនិញឲ្យនោះទេ។ បច្ចុបន្នកម្លាំងនគរបាលរបស់នាយកដ្ឋាន កំពុងរៀបចំនីតិវិធីបញ្ជូនជនសង្ស័យទៅតុលាការ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្តេជ្ញាថា នឹងបន្តបោសសម្អាតការជួញដូរខុសច្បាប់ តាមប្រព័ន្ធបច្ចេកវិទ្យានេះបន្តទៀត និងសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលលេងតាមបណ្ដាញសង្គម រាយការណ៍មកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តាមរយៈផេករបស់នាយកដ្ឋានផ្ទាល់តែម្ដង នៅពេលឃើញ ឬសង្ស័យថាមានបទល្មើសណាមួយកើតឡើង។
លោកឧត្តមសេនីយ៍ឯក ជា ពៅ ក៏បានអំពាវនាវប្រជាពលរដ្ឋ កុំបន្ដចាញ់បោកចំពោះការជួញដូរអាវុធបែបនេះ ព្រោះថាការប្រើប្រាស់អាវុធ គឺជាអំពើខុសច្បាប់ លើកលែងតែកងកម្លាំង មានសមត្ថកិច្ចប៉ុណ្ណោះ ទើបអាចមានសិទ្ធិប្រើប្រាស់បាននៅពេលបំពេញបេសកកម្មជូនអង្គភាព៕