(ភ្នំពេញ)៖ ថ្លែងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសបន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពជា បានថ្លែងផ្ញើជាថ្មីដល់ក្រុមប្រឆាំងថា «បើចង់មានសន្តិភាពផ្លូវចិត្ត កុំធ្វើខុសច្បាប់»។
ការផ្តាំផ្ញើជាថ្មីនេះ បានធ្វើឡើងបន្ទាបពីក្រុមអ្នកធ្វើនយោបាយប្រឆាំង ដែលតែងតែបំពានច្បាប់រដ្ឋ បន្តលើកឡើងជាដដែលៗថា នៅកម្ពុជាមិនទាន់មានសន្តិភាពពេញលេញឡើយ ព្រោះពួកគេមិនមានសន្តិភាពផ្លូវចិត្ត។ សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបថា មានក្រុមបុគ្គលធ្វើខុសទេ ដែលមិនមានសន្តិភាពផ្លូវចិត្ត។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបន្តថា កាលណាបុគ្គលណាម្នាក់ធ្វើខុស គឺគេអត់មានសន្តិភាពផ្លូវចិត្តទេ មិនថាកំហុសក្នុងផ្លូវរដ្ឋ សាសនា ឬក្នុងក្រុមគ្រួសារ។ សម្តេចលើកឧទាហរណ៍ ប្តីកុហកប្រពន្ធ ឬប្រពន្ធកុហកប្តី ក៏អត់មានសន្តិភាពផ្លូវចិត្តដែរ ដោយសារខ្លាចភាគីម្ខាងទៀតដឹង ដូច្នេះការមិនធ្វើខុស នាំឲ្យមានសន្តិភាពផ្លូវចិត្ត។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ពិតមែនតែយើងលំបាកដោយសារគ្រោះទឹកជំនន់ ដោយសារកូវីដ ប៉ុន្តែអ្វីដែលយើងប្រាកដ គឺអត់មានសង្គ្រាមសម្រាប់ការស្លាប់ដោយគ្រាប់កាំភ្លើង តម្រូវឲ្យជីកត្រង់សេ (កន្លែងលាក់ខ្លួនដើម្បីការពារគ្រាប់) គ្រប់តែផ្ទះនោះទេ។ ខ្លះគេថាកម្ពុជាមិនទាន់មានសន្តិភាពទេ ដោយសារគេមិនទាន់មានសន្តិភាពខាងផ្លូវចិត្ត។ គេថាសន្តិភាព ទាល់តែមានទាំងអស់»។
សម្តេចបន្តថា «ខ្ញុំកូណាខ្ញុំ គ្រាន់តែនិយាយត្រឡប់ទៅវិញប៉ុន្មានថ្ងៃមុនថា បើចង់មានសន្តិភាពខាងផ្លូវចិត្ត សូមកុំធ្វើអីឲ្យខុស។ អាហ្នឹងវាសន្តិភាពហើយ ខ្លួនឯងនៅតែធ្វើខុសច្បាប់ ខ្លួនឯងនៅតែភ័យខ្លាចរហូត។ អញ្ចឹងវាអត់មានសន្តិភាពខាងផ្លូវចិត្តទេ»។
ក្រោមការបង្រួបបម្រួមជាតិ តាមរយៈគោលនយោបាយឈ្នះឈ្នះ កម្ពុជាទាំងមូលទទួលបានសុខសន្តិភាពយ៉ាងពេញលេញ ធ្វើឲ្យប្រជាពលរដ្ឋ អាចដើរលេងកម្សាន្ត ធ្វើបុណ្យទាន និងប្រកបរបរទទួលទាន ដោយមិនខ្លាចអ្វីឡើយ។ សម្តេចតេជោ ហ៊ុន សែន រំលឹកថា មុនដាក់គោលនយោបាយឈ្នះឈ្នះ គឺស្ទើគ្រប់កន្លែងត្រូវដាក់ត្រង់សេ ដើម្បីការពារខ្លួនពីគ្រាប់អាវុធ៕