(ភ្នំពេញ)៖ លោកបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា ក្នុងនាមជាស្ថាប័នសិក្សាស្រាវជ្រាវ រាជបណ្ឌិត្យសភា នឹងរៀបចំរូបបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ទាំងអស់ ចងក្រងជាសៀវភៅ ក្នុងដំណាក់កាលទី១ តាមប្រវត្តិនីមួយៗ រូបភាពនីមួយៗ នៅតាមប្រាង្គប្រាសាទនានា ឬជាស្នាដៃរបស់ព្រះអង្គ ដើម្បីផ្សព្វផ្សាយជាសាធារណៈ។
ការបញ្ជាក់បែបនេះ របស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបានរៀបចំវេទិកាស្តីពី «អត្តសញ្ញាណបដិមា ព្រះបាទជ័យវរ្ម័នទី៧» ការរៀបចំវេទិកានេះ ដើម្បីឱ្យសាកសមនឹងព្រះរាជកិត្តិយស និងតម្កល់ទុក នៅគ្រប់ខេត្តខណ្ឌទូទាំងប្រទេសកម្ពុជា ខណៈក្រុមអ្នកស្រាវជ្រាវ បានរកអត្តសញ្ញាណព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ក្នុងទម្រង់ផ្សេងៗទៀត។
លោកបណ្ឌិត្យសភាចារ្យ សុខ ទូច «ពេលនេះរាជបណ្ឌិត្យសភា នឹងចំរូបបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ ទាំងអស់ចងក្រងជាសៀវភៅ ដំណាក់កាលទី១ ហើយនឹងរៀបរាប់ប្រវត្តិនីមួយៗ រូបភាពនីមួយៗ បង្ហាញអ្វី មិនសំខាន់ព្រះអង្គនៅក្មេង មិនសំខាន់ព្រះអង្គចាស់នោះទេ វ័យមិនមែនជាម៉ែត្រវាស់ចំណេះដឹងទេ...! រូបទាំងអស់របស់ព្រះបាទជ័យវរ្ម័នទី៧ នៅតាមប្រាង្គប្រាសាទនានា ឬជាស្នាដៃរបស់ព្រះអង្គយើងងនឹងចងក្រង ហើយនឹងផ្សព្វផ្សាយ»។
នៅក្នុងឱនោះដែរ លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ក្រុមអ្នកជំនាញរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការសិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណព្រះបាទជ័យវរ្ម័នទី៧ (ព្រះនាមចក្រពត្រាធិរាជ)។ ការស្រាវជ្រាវនេះ មានគោលបំណងស្ថាបនាបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧ (ក្នុងទម្រង់ខុសពីទម្រង់ធ្លាប់មាន) ដើម្បីតម្កល់ក្នុងអគារ «ខេមរវិទូ» ដែលនឹងសាងសង់រួចរាល់នាពេលឆាប់ៗនេះ ក្នុងបរិវេណអគាររាជបណ្ឌិត្យសភា។
លោកបណ្ឌិតថាបានឱ្យដឹងយ៉ាងដូច្នេះថា៖ «ក្រុមស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការសិក្សាស្រាវជ្រាវ រកអត្តសញ្ញាណព្រះបរមរូបរបស់ព្រះបាទជ័យវរ្ម័នទី៧ ក្នុងទម្រង់ផ្សេងៗទៀត ក្រៅពីទម្រង់អង្គុយពែនភ្នែន កំពុងសម្មាធិ ឬកំពុងសំពះ»។
លោក យង់ ពៅ បានបន្ថែមថា ការសិក្សានេះ នឹងទទួលបានលទ្ធផលឈានដល់ការកំណត់បាននូវ «បដិមាព្រះបាទជ័វរ្ម័យទី៧» ដែលមានការឯកភាពមួយសម្រាប់ជាតិ ហើយរាជបណ្ឌិត្យសភាកម្ពុជា នឹងស្ថាបនាបដិមាព្រះបាទជ័យវរ្ម័នទី៧ ក៏ដូចជាការចងក្រងបោះពុម្ពផ្សាយទម្រង់ និងក្បួនខ្នាតបដិមា តាមស្មារតីអង្គវេទិកានេះ ដើម្បីជាការបង្ហាញពី «ចក្រពត្រាធិរាជសម័យអង្គរ» ដល់កូនខ្មែរជំនាន់ក្រោយបានចងចាំនូវគំរូវីរភាព និងងាយស្រួលការសាងសង់បដិមាព្រះអង្គ។
សូមជម្រាបថា ព្រះបាទជ័យវរ្ម័នទី៧ (ព្រះនាម ចក្រពត្រាធិរាជ) បានដឹកនាំប្រទេសជាតិសម័យមហានគរ ដែលជាអាណាចក្រខ្មែរ ប្រកបដោយទសពិធរាជធម៌ និងបានគ្រប់គ្រងប្រទេសកម្ពុជា ដើរតាមគន្លងព្រះពុទ្ធសាសនាមហាយាន។
ព្រះបាទជ័យវរ្ម័នទី៧ ហៅ ចក្រពត្រាធិរាជ ព្រះអង្គបាន ធ្វើឱ្យវិសាលភាពទឹកដី មានភាពទូលំទូលាយ ហើយត្រូវបានប្រជាពលរដ្ឋខ្មែរ ចាត់ទុកព្រះអង្គ ជាក្សត្រពង្រីកទឹកដី ក្សត្រពូកែក្នុងសឹកសង្គ្រាម (ជាអគ្គមេបញ្ជាការទ័ពផ្ទាល់ ប្រើប្រាស់យានគ្រប់ប្រភេទ មានសេះ ដំរី បរទេះសេះ ប្រើអាវុធ ដូចជាព្រះខ័ន ដាវ ដំបង កាំបិតផ្គាក់ និងធ្នូ ជាដើម)។ ព្រះបាទជ័យវរ្ម័នទី៧ (ព្រះនាម ចក្រពត្រាធិរាជ) គឺជាក្សត្រស្ថាបនិក ជាក្សត្រធ្វើឱ្យប្រទេសជាតិមានការរីកចំរើន ដូចជាវិស័យសេដ្ឋកិច្ច កសិកម្ម វប្បធម៌ វិស័យសុខាភិបាល និងមនោគមន៏វិជ្ជាជាដើម៕