(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចមិនដែលមានទម្លាប់រត់ចោលប្រជាជនដែលកំពុងជួបទុក្ខលំបាកឡើយ។ ជាមួយគ្នានេះ សម្តេចក៏បានរិះគន់អ្នកនយោបាយមួយចំនួន ដែលតែងរួមសុខ ប៉ុន្តែនៅពេលប្រជាជនមានទុក្ខបែរជារត់ចោលផងដែរ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញចុះជួប និងចែកអំណោយដល់ប្រជាជនរាប់ម៉ឺនគ្រួសារ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកជំនន់ ហើយត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចនាពេលបច្ចុប្បន្ននេះ គឺជាគណបក្សរួមទាំងសុខ និងរួមទាំងទុក្ខជាមួយប្រជាពលរដ្ឋ ជាង៣១ឆ្នាំមកហើយ ក្រោយរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្តេចតេជោ ហ៊ុន សែន ក៏បានរិះគន់ដល់អ្នកនយោបាយខ្លះ ដែលរួមរស់ជាមួយប្រជាពលរដ្ឋតែនៅពេលមានសុខនោះទេ ពេលមានទុក្ខរត់ចោល ដែលសូម្បីតែពាក្យមួយម៉ាត់សម្តែងការសោកស្តាយចំពោះការលិចលង់ និងសម្តែងមរណទុក្ខ ក៏គេមិនបាននិយាយផង។
សម្តេចបានបញ្ជាក់ដូច្នេះថា៖ «នៅពេលណាដែលមានមហន្តរាយកើតឡើង ប្រជាជនជួបការលំបាក តែងមានវត្តមានជានិច្ចនៃមន្រ្តីគណបក្សប្រជាជន។ សម្រាប់ខ្លួនខ្ញុំ គឺខ្ញុំគ្មានទម្លាប់ដើរចោលប្រជាជន នៅពេលដែលប្រជាជនកំពុងជួបការលំបាកទេ ខ្ញុំនៅចាំបានថា នៅពេលទឹកជំនន់ឆ្នាំ២០០០ ខ្ញុំប្រើពេល៦៨ថ្ងៃ ដោយគ្មានសម្រាក ដើម្បីសង្គ្រោះប្រជាជននៅពេលនោះ ដែលមានទំហំដ៏ធំរាប់លានគ្រួសារ ប៉ុន្តែមកដល់ពេលនេះ គឺយើងមានត្រឹមតែប៉ុន្មានម៉ឺនគ្រួសារប៉ុណ្ណោះ»។
សម្តេចបានបន្តថា ពាក្យថា «រួមសុខរួមទុក្ខ» ស្មើនឹងពាក្យថា «ស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» ហើយបន្តថា «នៅពេលដែលប្រជាជនបានសុខសប្បាយ មិនសូវឃើញមុខខ្ញុំទេ ក៏ប៉ុន្តែបើប្រជាជនមានទុក្ខ អាហ្នឹងឃើញមុខហ៊ុន សែនហើយ អាហ្នឹងជាទម្លាប់»។
សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា «បើប្រជាជនកំពុងលំបាក យើងត្រូវរួមទុក្ខជាមួយគាត់ ហើយយើងត្រូវមានការទទួលខុសត្រូវ ខ្ញុំពេញចិត្តជាមួយសកម្មភាពរបស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលខិតខំជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋរបស់យើង នៅក្នុងដំណាក់កាលលិចលង់នេះ»៕