(ព្រៃវែង)៖ ស្រូវប្រាំងជួបកង្វះខាតទឹក របស់បងប្អូនប្រជាកសិករ ចំនួន២១០ហិកតា ស្ថិតក្នុងឃុំព្រៃទឹង ស្រុកមេសាង ខេត្តព្រៃវែង ត្រូវបានក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះជួយអន្តរាគមន៍បូមបញ្ជូនទឹកទៅសង្គ្រោះ ។
លោក ជុំ សុភី ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានប្រាប់ឱ្យដឹងនារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ ថាការងារ អន្តរាគមន៍បូមបញ្ជូនទឹក ទៅសង្គ្រោះស្រូវប្រាំងនៅក្នុង ឃុំព្រៃទឹងនេះ គឺក្រុមការងារមន្ទីររបស់លោក ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត កម្លាំង៦៥សេះ ចំនួន០២គ្រឿង ដោយធ្វើការបូមយកទឹកពីទំនប់ ប្រមូលដុំដែលភ្ជាប់ពីប្រព័ន្ធធារាសាស្ត្រវ៉ៃកូ បញ្ជូនតាមប្រឡាយ ប្រមូលដុំដែលមានប្រវែងជាង ១០គីឡូម៉ែត្រ ។
លោកបន្តថា ការងារនេះបានចាប់ផ្តើមកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ហើយក្រុមការងាររបស់លោក នឹងនៅបន្តបូមរហូត ដល់ដំណាំស្រូវប្រាំងទាំងនោះ លែងមានតម្រូវការទឹកតទៅទៀត ដែលនឹងប្រើរយៈពេលប្រមាណ ២សប្តាហ៍ ។
លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា ប្រជាកសិករនៅទូទាំងខេត្តព្រៃវែង បានដាំដុះដំណាំស្រូវប្រាំងរួចរាល់លើផ្ទៃដីចំនួន៩៥.៩០៩ ហិកតា ស្មើនឹងប្រមាណ១២៨ភាគរយ នៃផែនការដែលបានដាក់ចុះ និងកំពុងប្រមូលផលជាបណ្តើរៗផងដែរ ដែលមកដល់ពេលនេះ សម្រេចបានចំនួន ៣៧.១០៨ ហិកតា ហើយ ដោយទទួលបានទិន្នផលយ៉ាងល្អប្រសើរ ៕