(ភ្នំពេញ)៖ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវ ចំនួន៥៤៣គ្រួសារ បានទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាស្រុកស្អាង។
ការចែកអំណោយជូនដល់ប្រជាពលរដ្ឋទាំង២ឃុំ បានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតវត្តសាលាអណ្តែតហៅវត្តអណ្តូង ស្ថិតក្នុងភូមិអណ្តូង ឃុំក្រាំងយ៉ូវ។
សូមជម្រាបថា ក្នុងចំណោមប្រជាពលរដ្ឋទាំង៥៤៣គ្រួសារ មានប្រជាពលរដ្ឋ ២៦៤គ្រួសារ មកពីឃុំស្អាងភ្នំ និង២៧៩គ្រួសារ នៅឃុំក្រាំងយ៉ូវ។ ថ្លែងក្នុងពិធីចែកអំណោយនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងបានបញ្ជាក់ថាការជួយនេះគឺពុំមានរើសអើងនិន្នាការនយោបាយនោះទេ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជំរុញឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព ប្រយ័ត្នកុមារតូចៗកុំឱ្យលេងទឹក ជាពិសេសទីណាមានទុក្ខ ទីនោះមានសម្តេចតេជោចុះទៅជួយ ហើយទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជាទៅជួយ ទីណាមានទុក្ខ គឺទីនោះមានក្រុមការងារគណបក្សប្រជាជនកម្ពុជាទៅជួយជានិច្ច៕