(ត្បូងឃ្មុំ)៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តត្បូងឃ្មុំ បានបានបើកកិច្ចប្រជុំរួមគ្នាផ្សព្វផ្សាយពីនីតិវិធី នៃការប្រមូលទិន្នន័យដីធ្លីក្នុងវិស័យបរិស្ថានក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ តាមរយៈសេចក្តីរាយការណ៍ពីបច្ចុប្បន្នភាព នៃការប្រមូលទិន្នន័យដីធ្លីរបស់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង នៅក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ។
សកម្មភាពបានធ្វើឡើង នាថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ ដោយប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយលោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការ និងរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានលោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត រួមទាំងលោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្ត លោកអភិបាលស្រុក និងមន្ត្រីពាក់ព័ន្ធ។
បន្ទាប់ពីកិច្ចប្រជុំរួចមក លោកស្រី ព្រំ សុភី និងលោក ចេង ប៊ុណ្ណារ៉ា ព្រមទាំងអ្នកពាក់ព័ន្ធ បានចុះទៅពិនិត្យជាក់ស្តែង តំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក ដែលស្ថិតនៅក្នុងស្រុកពញាក្រែក និងចុះពិនិត្យតំបន់អភិរក្សព្រៃលិចទឹក និងព្រែកឬស្សីមាត់ឃ្មួង ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ តាមរយៈសេចក្តីប្រកាសលេខ០៧២ ស្ដីពីការបង្កើតអនុក្រុមការពារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដី ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។
លោក នី សុធី បានធ្វើការបង្ហាញពាក់ព័ន្ធលទ្ធផលការងារយ៉ាងច្រើនដែលមន្ត្រីទាំងអស់ នៃមន្ទីរបានខិតខំតស៊ូបំពេញការងារ ដោយសម្រេចបាននាពេលកន្លងមក លើការងារបរិស្ថាន ជាពិសេសតំន់ការពារធម្មជាតិទូទាំងខេត្ត។
ពាក់ព័ន្ធនឹងការងារនេះ លោក ចេង ប៊ុណ្ណារ៉ា បានថ្លែងលើកឡើងថា រដ្ឋបាលខេត្តបានយកចិត្តទុកដាក់បំផុតចំពោះកិច្ចការនេះ ដោយកន្លងមកបានរៀបចំនូវក្រុមការងារចម្រុះចុះពិនិត្យ សិក្សា និងដោះស្រាយ ធ្វើយ៉ាងណាថែរក្សាតំបន់ការពារធម្មជាតិ និងអភិរក្សជីវចម្រុះ ទុកជាទ្រព្យសម្បត្តិរដ្ឋ ក៍ដូចជាសម្រាប់ពលរដ្ឋអាស្រ័យផល និងជាដែនសម្រកជីវចម្រុះដ៏សំខាន់ នៅក្នុងខេត្តត្បូងឃ្មុំ។
លោកស្រី ព្រំ សុភី បានថ្លែងនូវការកោតសរសើរចំពោះមន្ទីរបរិស្ថានខេត្ត ពិសេសរដ្ឋបាលខេត្តត្បូងឃ្មុំទាំងមូល ដែលរួមសហការសាមគ្គីគ្នាបានយ៉ាងល្អ ទើបយើងទទួលបានលទ្ធផលការងារសម្រេចបានល្អប្រសើរបែបនេះ។ លោកស្រី ក៏បានជំរុញដល់មន្ទីរបរិស្ថានខេត្ត ពិសេសរដ្ឋបាលខេត្ត បន្តនូវការងារនេះបន្ថែមទៀត ដោយសង្ឃឹមថា តំបន់ការពារធម្មជាតិនៅក្នុងខេត្តត្បូងឃ្មុំ និងនូវគង់វង្ស ជាជម្រកនិងអាស្រ័យផលបានយ៉ាងច្រើនយ៉ាង សម្រាប់ជីវិតមនុស្ស-សត្វ និងជីវចម្រុះគ្រប់ប្រភេទ តែទាំងនេះសម្រេចទៅបានប្រកបដោយប្រសិទ្ធភាពនោះ គឺលុទ្ធត្រាណាតែយើងទាំងអស់គ្នារួមសហការគ្នា លើការងារនេះអោយកាន់តែខ្លាំងក្លាបន្ថែមទៀត។
សូមជម្រាបថាះ ការបង្កើតអនុក្រុមការពារ ពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដី ដែលប្រជាពលរដ្ឋបានប្រើប្រាស់ ដោយការចុះពិនិត្យជាក់ស្តែងនេះ ដើម្បីជាការប្រមូលទិន្នន័យ និងព័ត៌មានដីធ្លី ដែលប្រជាពលរដ្ឋកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ៕