(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៩ រដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមប្រធានបទ «ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងមាគ៌ាឆ្ពោះទៅមុខ សម្រាប់វិស័យវប្បធម៌ និងសិល្បៈ» តាមរយៈប្រព័ន្ធវីដេអូ ក្នុងនាមកម្ពុជាជាប្រធានប្តូរវេនកិច្ចប្រជុំរដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈអាស៊ានលើកទី៩ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២។ យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំនេះ គឺបានសម្រេចប្រកាសក្រុងសៀមរាបជាទី «ក្រុងវប្បធម៌អាស៊ាន»។
ពិតណាស់ ការជ្រើសរើសទីក្រុងសៀមរាបជាទី «ក្រុងវប្បធម៌អាស៊ាន» សម្រាប់ឆ្នាំ ២០២១-២០២២ គឺដោយសារទីក្រុងសៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ សម្បូរទៅដោយមរតកវប្បធម៌ ទាំងរូបី និងអរូបី និងជាគោលដៅទេសចរណ៍វប្បធម៌ ធម្មជាតិដ៏ល្បីល្បាញពាសពេញពិភពលោក របស់ព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៨មក នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ បានឯកភាពគ្នាឲ្យប្រទេសនីមួយ ដែលជាប្រធានប្តូរវេនដឹកនាំកិច្ចប្រជុំ ជ្រើសរើសទីក្រុងមួយ របស់ខ្លួន ដើម្បីស្នើដាក់ជាទីក្រុងវប្បធម៌អាស៊ាន។ ការកំណត់ទីក្រុងវប្បធម៌អាស៊ាន គឺធ្វើឡើងដើម្បីបង្ហាញពីអត្តសញ្ញាណអាស៊ាន និងភាពផ្សេងគ្នា នៃវប្បធម៌របស់ប្រទេសនីមួយៗ ដែលជាសមាជិកអាស៊ាន។ ការជ្រើសរើសនេះ មានសុពលភាពរយៈពេល០២ឆ្នាំ។
ទីក្រុងវប្បធម៌អាស៊ាន ដែលបានជ្រើសរើសកន្លងមករួមមាន៖
១៖ ទីក្រុង Cebu នៃប្រទេសហ្វីលីពីន ចាប់ពីឆ្នាំ ២០១០ - ២០១១
២៖ ទីក្រុង Singapore នៃប្រទេស សឹង្ហបុរី ចាប់ពីឆ្នំា ២០១២-២០១៣
៣៖ ទីក្រុង Hue នៃប្រទេសវៀតណាម ចាប់ពីឆ្នាំ ២០១៤-២០១៥
៤៖ ទីក្រុង Bandar Seri Begawan នៃប្រទេសប៊្រុយណេ ចាប់ឆ្នាំ ២០១៦-២០១៧
៥៖ ទីក្រុង Yogyakarta នៃប្រទេសឥណ្ឌូនេស៊ី ចាប់ពីឆ្នាំ ២០១៨-២០២០៕